ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Rai ឆក់យកជីវិតមនុស្ស អស់តិចបំផុត ១២នាក់ នៅហ្វីលីពីន

សេប៊ុយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១២នាក់បានស្លាប់ នៅក្នុងពេលខ្យល់ទីហ្វុងដ៏ខ្លាំងក្លា បានវាយប្រហារមកលើប្រទេសហ្វីលីពីន នៅក្នុង ឆ្នាំនេះ ។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ របស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃសុក្រ បន្ទាប់ពីព្យុះបានបោកបក់ ធ្វើឲ្យរលើងឬសដើមឈើ បង្គោលភ្លើង និងបង្កទឹកជំនន់ជន់លិចភូមិជាច្រើន ។

ពលរដ្ឋប្រមាណជាង ៣០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ និងតំបន់រម្មណីយដ្ឋាននានា បានរងផលប៉ះ ពាល់ដោយសារព្យុះទីហ្វុង Rai នៅភាគខាងត្បូងប្រទេស និងតំបន់ភាគកណ្តាលនៃប្រទេស ដោយកាត់ផ្តាច់ទូរគមន៍នៅក្នុង តំបន់ខ្លះ និងធ្វើឲ្យប៉ើងដំបូលអគារជាច្រើន ។

ព្យុះ Rai គឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ នៅគ្រាដែលវាបានបោកបក់ ចូលមកលើដែនកោះ Siargao កាលពីថ្ងៃព្រហស្បតិ៍ ដែលមានកម្លាំងខ្យល់បក់ ១៩៥គីឡូម៉ែត្រក្នុង១ម៉ោង ។ នៅថ្ងៃសុក្រ ល្បឿនខ្យល់បានថយមកនៅត្រឹម ១៥៥គីឡូម៉ែត្រក្នុង ១ម៉ោង ។ ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top