ព័ត៌មានជាតិ

ចិន រីករាយឃើញកម្ពុជា ក្លាយជាប្រទេសមានការ អភិវឌ្ឍន៍សេដ្ឋកិច្ច លឿនបំផុតនៅអាស៊ី

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយឃើញកម្ពុជា សម្រេចបានការរក្សាសន្តិភាព អស់រយៈពេលយូរអង្វែង ជាពិសេស ក្លាយជាប្រទេសមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុត ក្នុងតំបន់អាស៊ី។

ក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក Wang Wentian បានថ្លែងថា «យើងរីករាយឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាសម្រេចបានការរក្សា សន្តិភាពអស់រយៈពេលយូរអង្វែង តាមរយៈការអនុវត្ត គោលនយោបាយឈ្នះឈ្នះ និងក្លាយជាប្រទេសដែលមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ច លឿនបំផុតក្នុងអាស៊ី»។

លោក បន្ដថា ជាពិសេសនោះគឺស្ថិតក្រោម បរិបទប្រយុទ្ធប្រឆាំងនៃ ជំងឺវីរុសកូវីដ១៩ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន បានបង្ហាញពីភាពជាអ្នកដឹកនាំ និងសមត្ថភាពរៀបចំដ៏ខ្លាំងក្លា បានរៀបចំគោលនយោបាយដ៏មានប្រសិទ្ធភាព អនុវត្តបានយ៉ាងល្អនិងត្រូវចំណុច បានការពារអាយុជីវិត និងសុខភាពប្រជាជនយ៉ាងមានប្រសិទ្ធភាព បានក្លាយជាគំរូនៃកិច្ចប្រយុទ្ធប្រឆាំង ជំងឺវីរុសក្នុងតំបន់និង លើសកលលោកយ៉ាងជោគជ័យ។ ក្នុងនាមជាមិត្ត យើងខ្ញុំមានក្តីរំភើបជាខ្លាំង។

លោក បន្ថែមថា ចិន-កម្ពុជា ជាមិត្តជិតខាងល្អ ដៃគូល្អ មិត្តល្អ បងប្អូនល្អ គឺជាចំណងមិត្តភាព ចិន-កម្ពុជា ដែលមានប្រវត្តិសាស្រ្តយូរអង្វែង និងរឹងមាំដែលបង្កើតឡើង និងបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ទំនាក់ទំនង ចិន និងកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនិងវិជ្ជមាន ការជឿទុកចិត្តគ្នាលើនយោបាយ បន្តទទួលបានការពង្រឹងឥតឈប់ឈរ សមិទ្ធផលកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចទទួលបាន ផលវិជ្ជមានជាច្រើន ទំនាក់ទំនងរវាង ប្រជាជនកាន់តែស្អិតរមួត។

លោកទូត បញ្ជាក់ថា ភាគីចិន តែងតែគោរពស្រឡាញ់រក្សា ចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ រីករាយសហការជាមួយកម្ពុជា បន្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ចិន-កម្ពុជា ឱ្យកាន់តែសម្បូរបែប ផ្តល់អត្ថប្រយោជន៍ជាក់ស្តែងកាន់ តែច្រើនជូនដល់ប្រជាជនទាំងពីរ៕

To Top