តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃសុក្រ បានជជែកជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ដ៏ធំបំផុតរបស់ប្រទេស ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងស្វែងរកការបង្កើនល្បឿនកម្មវិធីចាក់ថ្នាំបង្ការរោគ ។
លោក Hirokazu Matsuno ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ពីកិច្ចពិភាក្សារវាងលោក Kishida និងនាយកប្រតិបត្តិក្រុមហ៊ុន Pfizer Inc លោក Albert Bourla ដោយនិយាយថា លោកនាយករដ្ឋមន្រ្តីនឹងពន្យល់ពីផែនការរបស់គាត់នៅពេលក្រោយនៅល្ងាចថ្ងៃសុក្រ ។
សេវាកម្មព័ត៌មាន Jiji បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា “រដ្ឋាភិបាលចង់បង្កើនល្បឿនការនាំចូលវ៉ាក់សាំង និងកាត់បន្ថយពេលវេលារវាងការចាក់វ៉ាក់សាំង២លើកដំបូង និងថ្នាំជំរុញពី៨ខែមក៦ខែវិញ ។
ទោះបីជាករណីកូវីដ-១៩បានថយចុះយ៉ាងខ្លាំងចាប់តាំងពីរលកដ៏អាក្រក់មួយនៅក្នុងខែសីហាក៏ដោយ វាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវីរុសបំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានគេរកឃើញច្រើនជាង៣០ដងនៅក្នុងប្រទេសជប៉ុន អំឡុងពេលត្រួតពិនិត្យព្រលានយន្តហោះ និងការដាក់ឱ្យនៅដាច់ពីគេ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន បានចុះកិច្ចសន្យាដើម្បីទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ចំនួន១២០លានដូសនៅឆ្នាំក្រោយ ហើយមានស្តុកប្រហែល១៦លានគ្រាប់គិតត្រឹមខែនេះ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងកូវីដ -១៩របស់ក្រុមហ៊ុន Moderna Inc សម្រាប់កម្មវិធីចាក់ដូសជំរុញរបស់ខ្លួន ដែលរហូតមកដល់ពេលនេះបានគ្របដណ្តប់ត្រឹមតែ០,១ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា