Covid-19

សម្ដេចតេជោ ណែនាំឲ្យបន្ដទប់ស្កាត់កូវីដ-១៩ ដើម្បីធានាការធ្វើម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវបន្ដទប់ស្កាត់ជំងឺកូវីដ-១៩ កុំផ្ទុះឡើងវិញ ដើម្បីធានាប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានជំរុញឲ្យបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះ ជំងឺកូវីដ-១៩ មិនទាន់ចប់ទេ។ សម្ដេច ថា ពេលនេះស្ថានភាព រីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ានមានការធ្លាក់ចុះ គួរឲ្យកត់សម្គាល់។

សម្ដេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវការពារខ្លួន តាមរយៈមនុស្សម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ ត្រូវមានការទទួលខ្ពស់ចំពោះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើយ៉ាងកុំឲ្យកម្ពុជាវិលត្រឡប់ថយ ចំពោះការបិទប្រទេសឡើងវិញ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបានមើលឃើញព័ត៌មានថា ការប្រកួតកីឡនៅអឺរ៉ុប ដែលធ្លាប់តែមានអ្នកគាំទ្រនោះ ត្រូវបានផ្អាកការប្រកួត ឬក៏ផ្អាក ព្រោះកំពុងតែផ្ទុះ (ផ្ទុះកូវីដ) ឡើងនៅអឺរ៉ុប»។

សម្ដេចតេជោ បញ្ជាក់ថា «យើងខិតខំទាំងអស់គ្នា ដើម្បីធានាថា ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នឹងមិនមានអ្វីកើតឡើងទេ ហើយយើងខិតខំទាំងអស់គ្នា ដើម្បីកុំឲ្យប្រទេសយើង ឈានដល់ការបិទខ្ទប់ឡើងវិញ» ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០,៤១០នាក់, ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៦,៧៨២នាក់ និងអ្នកស្លាប់ ចំនួន ៣,០០៣នាក់ ៕

To Top