ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ផ្អាកជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្ដរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសន្សំថវិកាប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិយាការណ៍ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩, តាមចំណារឯកភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២៖

ទី១-មិនអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងមហាផ្ទៃ ដែលមានគោលការណ៍ដោយឡែក និងក្រសួងសុខាភិបាល ដែលអាចនឹងមានគោលការណ៍ដោយឡែកផងដែរ។

និងទី២-រក្សាកម្រិតបៀវត្សមន្រ្តីរាជការស្មើនឹងឆ្នាំ២០២១ដដែល ប៉ុន្តែអនុញ្ញាតឱ្យរៀបចំដំឡើងបៀវត្ស តាមឋានន្តរស័ក្តិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២ តែមិនអនុញ្ញាតឱ្យគិតត្រឡប់ក្រោយតាំងពីឆ្នាំ២០២១ នោះទេ៕

To Top