លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសប៉េរូ បានបញ្ជាក់ពីករណីចំនួន៤ ជាលើកដំបូងនៃ Omicron ដែលជាវីរុសបំប្លែងខ្លួនថ្មីនៃជំងឺកូវីដ-១៩ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Hernando Cevallos បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យ ។
លោក Cevallos បានលើកឡើងថា អ្នកជំងឺម្នាក់ក្នុងចំនោមអ្នកជំងឺ គឺជាស្ត្រីដែលបានធ្វើដំណើរ មកពីអាហ្វ្រិកខាងត្បូង ខណៈដែលម្នាក់ទៀតជា បុគ្គលិកថែទាំសុខភាពជនជាតិប៉េរូ ។ លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នអ្នកជំងឺទាំងអស់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។
លោករដ្ឋមន្ត្រីបានថ្លែងថា “នៅពេលនេះអ្នកជំងឺ ទាំងអស់នេះមានស្ថិរភាព ហើយជាការពិតណាស់ ស្ថិតនៅក្រោមការសង្កេតជាប្រចាំ” ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា មនុស្ស២នាក់ ដែលបានទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់ ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ ជំងឺកូវីដ-១៩ដែរ ប៉ុន្តែការសិក្សានៅតែត្រូវបានអនុវត្តដើម្បីកំណត់អត្តសញ្ញាណវីរុសក្លាយពូជនេះ ។
អាជ្ញាធរសុខាភិបាលប៉េរូ កំពុងអនុវត្តវិធានក្នុងការតាមដាន និងការតាមដានទំនាក់ទំនង ដើម្បីស្វែងរកករណីថ្មី ដែលអាចកើតមានផ្សេងទៀត នៃវីរុសបំប្លែងខ្លួនថ្មីនេះ ។
បន្ទាប់ពីបានបញ្ជាក់ពីករណីដំបូងនៃ Omicron រដ្ឋមន្ត្រីបានប្រកាសថា គាត់បានកោះប្រជុំបន្ទាន់ ជាមួយអ្នកជំនាញរបស់ ក្រសួងដើម្បីវាយតម្លៃជំហានបន្ទាប់ ខណៈដែលជំរុញឲ្យ ប្រជាជនឱ្យទទួលថ្នាំបង្ការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា