នយោបាយ

កម្ពុជា-វៀតណាម ប្ដេជ្ញា រកដំណោះស្រាយ អាចទទួលយកបាន ចំពោះព្រំដែនគោក នៅសល់ ១៦% មិនទាន់ខណ្ឌសីមា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានប្ដេជ្ញាបន្តជំរុញ ឲ្យគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-វៀតណាម (JBC) ស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ទៅវិញទៅមកចំពោះ ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា រវាងប្រទេសទាំង២ ។

យោងតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ធ្នូ បានឲ្យដឹងថា ភាគីកម្ពុជា-វៀតណាម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការគោរព និង អនុវត្តឲ្យ បានពេញលេញ នូវសន្ធិសញ្ញា ស្តីពីការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀង ពាក់ព័ន្ធស្តីពី ព្រំដែនរវាងប្រទេសទាំងពីរ ។

ក្នុងសេចក្ដីថ្លែងការណ៍រួមបញ្ជាក់ថា «ភាគីទាំងពីរបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ស្តីពីការខណ្ឌសីមា និង ការបោះបង្គោលព្រំដែនគោកដែលសម្រេចបានប្រមាណ ៨៤% នៃការងារខណ្ឌសីមា និងការបោះបង្គោល ព្រំដែនគោក ព្រមទាំងស្វាគមន៍ ការចូលជាធរមាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ នៃសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងពិធីសារ ស្តីពីការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម និងបានជំរុញឲ្យគណៈកម្មការ ព្រំដែនចម្រុះកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា (JBC) ស្វែងរកដំណោះស្រាយដែលអាច ទទួលយកបានទៅវិញទៅមកចំពោះ ព្រំដែនគោក ដែលនៅសេសសល់ ១៦% មិនទាន់ខណ្ឌសីមា» ។

ដោយផ្អែកលើសមិទ្ធផលទាំងនោះ ភាគីទាំងពីរបានប្តេជ្ញាធ្វើការ និងខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅ ការសម្រេចបាននូវព្រំដែនសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម ។ ភាគីទាំងពីរបានឯកភាព លើតម្រូវការក្នុងការបញ្ចប់ កិច្ចព្រមព្រៀងស្តីពីច្រកព្រំដែនគោក ដែលនឹងជំនួសបទប្បញ្ញត្តិ នៅក្នុងកិច្ចព្រមព្រៀង ស្តីពីស្ថានភាពព្រំដែនឆ្នាំ១៩៨៣ ទាក់ទងនឹងការគ្រប់គ្រង ច្រកព្រំដែននាពេលខាងមុខ។

ភាគីទាំងពីរក៏បានឯកភាព ជំរុញប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន រួមមាន៖ តាមរយៈការបើក និងតម្លើងកម្រិតច្រកព្រំដែន ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ និងបញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តិនណាម ទៅជាច្រកព្រំដែនដែលបាន កំណត់សម្រាប់ឆ្លងកាត់ ក្រោមកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនទំនិញ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៣។

ជាមួយគ្នានោះដែរ ភាគីទាំងពីរបានសង្កត់ធ្ងន់ ពីសារៈសំខាន់ និងតម្រូវការជាចាំបាច់ ដើម្បីផ្តល់អាទិភាព ក្នុងការបន្តពង្រឹង និងការធ្វើឲ្យប្រសើរឡើង ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ទន្ទឹមនេះ ភាគីទាំងពីរគួរតែបន្តគោរពយ៉ាងពេញលេញ នូវគោលការណ៍ដែលមានចែង ក្នុងសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-វៀតណាម ក្នុងឆ្នាំ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧ និង២០១៩ ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និងដោះស្រាយបញ្ហាដែលកើតឡើង រវាងប្រទេសទាំងពីរដោយសន្តិវិធី ៕

To Top