ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ឆ្នាំ ២០២១នេះ បាន ផ្តន្ទោសយុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ជាង១គីឡូក្រាម ប្រព្រឹត្តនៅ សង្កាត់បឹងសាឡាង, ខណ្ឌទួលគោក។
លោក អ៉ឹមម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ មានឈ្មោះ ជា ថៃតាំ ភេទប្រុស អាយុ៣០ឆ្នាំ ។
ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទ« ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន» តាមបញ្ញាតិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន ដោយ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោរក រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតវត្ថុតាងថ្នាំគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬ ICE ទម្ងន់ ១២៩៤. ៣៩ ក្រាម (ជាង១គីឡូក្រាម) ៕
ដោយ រស្មី អាកាស
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									