ព័ត៌មានជាតិ

១១ខែ វិស័យពាណិជ្ជកម្ម កម្ពុជា-វៀតណាម កើនឡើងដល់ជាង ៨ប៊ីលានដុល្លារ

ភ្នំពេញ៖ ទោះបីជាប្រទេសទាំង២ ទទួលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកតែចំពោះទំនាក់ទំនង វិស័យពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម បានកើនឡើងទៅដល់ជាង ៨ប៊ីលានដុល្លាអាមេរិកឯណោះ ។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា លោក សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសវៀតណាម បានជួបពិភាក្សាអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម នាពេលកន្លងមក នៅទីតាំងសណ្ឋាគារសូហ្វីតែលភូគីត្រា។

ក្នុងឱកាសនេះភាគីកម្ពុជា និងភាគីវៀតណាម បានសម្ដែងនូវការអបអរសាទ ចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានសម្រេចបានប្រមាណជាង ៨ប៊ីលានដុល្លាអាមេរិក គិតត្រឹមរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១នេះ ទោះបីជាប្រទេសទាំង២ បានរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយ ។

លោក សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា នេះជាការសបញ្ជាក់ ឱ្យឃើញពីកិច្ចសហប្រតិបត្តិ ដ៏ល្អប្រសើរលើវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងភាគីទាំងពីរ ជាពិសេសផលិតផលកសិកម្ម និងកែច្នៃ។

លោករដ្ឋលេខាធិការ និងអនុរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់នៃ ការបញ្ចប់ការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន កម្ពុជា-វៀតណាម ដែលបានចរចាបញ្ចប់រួចហើយ និងត្រូវពន្លឿនការចុះហត្ថលេខា និងនីតិវិធីក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ជាពិសេសជួយសម្រួលដល់ ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋ រស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានឯកភាពអំពីការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីបំពេញឱ្យការនាំចេញទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពបន្តធានាឱ្យ បាននូវពាណិជ្ជកម្មបើកចំហ និងកិច្ចសម្រួលដល់លំហូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើយ៉ាងណាឱ្យលំហូរពាណិជ្ជកម្ម អាចប្រព្រឹត្តទៅដោយរលូន ៕

To Top