ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌរបស់ លោកសម រង្ស៊ី និង គូកន ចំនួន២០នាក់ ដែលជា អតីតថ្នាក់ដឹកនាំ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្រុក នៃ អតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ផែនការ ធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ និង ចលនាសង្គ្រោះជាតិ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សវនាការនេះ បានដឹកនាំធ្វើឡើង ដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមាន វត្តមាន ជនជាប់ចោទចំនួន ១៣ នាក់ ដែលជាប់ឃុំ និង មេធាវីការពារក្តី ចូលរួមផងដែរ។
សម្រាប់សវនាការនៅព្រឹកថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានី បានពិភាក្សានិង ពិនិត្យទៅលើភស្តុតាង ដែលមាននៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ។
ក្រុមប្រឹក្សាជំនុំជម្រះ និង អង្គសវនាការ បានសាកសួរ ទៅលើមន្ត្រីសមត្ថកិច្ចនគរបាលជំនាញ នៃ នាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន និង នាយកដ្ឋានបច្ចេកទេស និង ស៊ើបការណ៍ខាងក្រៅ ក្រសួងមហាផ្ទៃ ទាក់ទងនឹងការស្រាវជ្រាវ , ស៊ើបអង្កេត និង កសាងសំណុំរឿងក្តីខាងលើនេះ។
សាលាដំបូងរាជធានីភ្នំពេញនឹងបន្តសវនាការនេះ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ នេះទៀត។
យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល និង មាន អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ និង សកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣ នាក់ផ្សេងទៀត។
ពួកគេទាំង២១នាក់ ខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « រួមគំនិត ក្បត់ » និង « ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ៕
ដោយ រស្មី អាកាស