ភ្នំពេញ៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ធ្នូនេះ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានជម្រាបជូនសម្ដេចថា ជប៉ុននឹងត្រៀមបញ្ជូន នាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនផងដែរ ។ នេះបើតាមហ្វេសប៊ុកសម្ដេចតេជោ ។
ក្នុងជំនួបនេះដែរ លោកឯកអគ្គរាជទូតជប៉ុន បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើ វិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន ៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជា ជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខា នៅពេលខាងមុខនេះ ។
ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា «ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូន នាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុនផងដែរ» ។
ទាក់ទងទៅនឹងវិស័យ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យអាស៊ាន លោក Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួន ជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការ លើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យ ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។
ជាមួយគ្នានោះផងដែរ លោក Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោ លើការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុ ឲ្យទៅជាកំពង់ផែស្នូលរបស់ ព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា នារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបាន ជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ផងដែរចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជា ការគាំទ្រដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ចំពោះការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន និងការចូលចតនូវ នាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះ ឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ៕