ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ចាម ប្រជុំពិភាក្សា លើសេចក្តីព្រាងតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋាន គិតពន្ធប្រថាប់ត្រា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សា លើសេចក្តីព្រាងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋាន គិតពន្ធប្រថាប់ត្រា ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា យោងតាមលិខិត លេខ ១២២៤២ អពន ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ទើបអាជ្ញាធរខេត្តកំពង់ចាម ជួបជុំគ្នាដើម្បី ធ្វើការពិនិត្យ ពិភាក្សាលើសេចក្តីព្រាង តម្លៃអចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំពិភាក្សានេះ មានគោលបំណង ៤ ៖

ទី១ ៖ គឺដើម្បីប្រមូលពន្ធប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមភាព ។

ទី២ ៖ ពិនិត្យទៅលើឧបសម្ព័ន្ធ ដែលបានអនុវត្តនាពេលបច្ចុប្បន្ននេះ សម្រាប់កំណត់នូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ក្រែងមានភាពខ្វះចន្លោះ ដែលពាក់ព័ន្ធទៅលើផ្នែក ប្រែប្រួលនៃតម្លៃអចលនទ្រព្យផងដែរ ។

ទី៣ ៖ ដើម្បីពិនិត្យនិងពិភាក្សាសម្រេច លើសេចក្តីព្រាងអចលនទ្រព្យ ឧបសម្ព័ន្ធថ្មីនៃការបែងចែកភូមិសាស្រ្តថ្មី នៃតម្លៃអចលនទ្រព្យ កំណត់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម។

ទី៤ ៖ ក្រោយពីការប្រជុំពិភាក្សាគ្នារួច សាខាពន្ធដារខេត្ត និងរៀបចំលិខិត ដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ ៕

To Top