នៅត្រឹមខែធ្នូនេះ សកម្មភាពសេដ្ឋកិច្ច សង្គមគ្រប់ប្រភេទទាំងអស់ បានបើកដំណើរការ ពេញលេញនៅទូទាំងប្រទេសកម្ពុជា និងទន្ទឹមគ្នានេះ ភ្ញៀវទេសចរ បរទេស ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពេញលេញ ក៏ត្រូវបានអនុញ្ញាត ឲ្យចូលមកទស្សនា ប្រទេសកម្ពុជា ដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក ផងដែរ ។ វិធានការ បើកប្រទេសឡើងវិញនេះ ត្រូវបានអនុវត្ត ក្រោយពេលចំនួនមនុស្ស ដែលឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះ គួរឲ្យកត់សម្គាល់ ដោយនៅពេលថ្មីៗនេះ ចំនួនអ្នកឆ្លងនៅក្នុងសហគមន៍ និងអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះមកនៅត្រឹមតួលេខ តែមួយខ្ទង់ប៉ុណ្ណោះ។
ការបើកឲ្យដំណើរការពេញលេញ នូវសកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់ប្រភេទ និងការបើកទទួលភ្ញៀវ ទេសចរបរទេស នឹងជួយជម្រុញការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ។ ក្នុងឆ្នាំ២០២១នេះ តាមការវាយតម្លៃពីធនាគារពិភពលោក ប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា២,២% ដោយបានងើបឡើងវិញ ពីអត្រា ទាបបំផុត -៣,១% នៅក្នុងឆ្នាំ២០២០ ហើយធនាគារពិភពលោក ព្យាករថា នៅឆ្នាំ២០២២ខាងមុខ កម្ពុជាអាច នឹងទទួលបានកំណើន សេដ្ឋកិច្ចក្នុងអត្រា ៤,៥% ។
តាមការសង្កេតជាក់ស្ដែង ជំងឺកូវីដ-១៩ ប្រហែលជានឹងមិនរលត់បាត់ពីភពផែនដី នេះជារៀងរហូត កម្ពុជា ក៏ដូចជាប្រទេសនានា ចាំបាច់ត្រូវរៀនរស់ នៅជាមួយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាពុំមែនអនុវត្តជម្រើសនេះ ដោយប្រថុយប្រថាននោះឡើយ ការជ្រើសរើស យក ជម្រើស នេះ គឺផ្អែកជាចម្បង ទៅលើភាពស៊ាំ សហគមន៍ដ៏រឹងមាំដែលកម្ពុជា សម្រេចបានតាមរយៈអត្រាដ៏ខ្ពស់ នៃការចាក់វ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩។ រហូតមកដល់សប្ដាហ៍ទីបួន នៃខែធ្នួនេះ ប្រជាជនកម្ពុជាចំនួនជាង១៤ លាននាក់ ឬជាង៨៩%នៃប្រជាជន សរុប បានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលនេះគឺជាអត្រាមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនានា នៅ ក្នុងតំបន់ ហើយអត្រានេះគឺប្រហាក់ប្រហែល ទៅនឹងអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេសអភិវឌ្ឍន៍នានា ផងដែរ ។
ដើម្បីបង្កើតភាពស៊ាំសហគមន៍ ដ៏រឹងមាំដែលនឹងអនុញ្ញាតឲ្យបើកដំណើរ ការសកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់ប្រភេទ រដ្ឋាភិបាលបានខិតខំស្វះស្វែង រកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីគ្រប់ប្រភពទាំងអស់ដោយមិនរើសអើង ដើម្បីផ្ដល់ជូនប្រជាជន ។ យុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្ដើមនៅថ្ងៃទី១០ ខែកុម្ភៈ ២០២១ ក្រោយពេលកម្ពុជាទទួលបានអំណោយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកដំបូង ចំនួន ៦០ ម៉ឺន ដូស ពីប្រទេសចិននៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយយុទ្ធនាការនេះ បានសម្រេចគោលដៅរបស់ខ្លួន បានឆាប់រហ័សជាងផែនការ គ្រោងទុក ។ កត្តាជាច្រើនដែលរួមចំណែកដល់ជោគជ័យ នៃយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មានដូចជា ការខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង ពីប្រភពចម្រុះ តាមដែលអាចធ្វើទៅបាន យុទ្ធសាស្រ្តចាក់ វ៉ាក់សាំង ដោយផ្ដោតទៅលើទីតាំងភូមិសាស្រ្ត ដែលប្រជាជនរស់នៅ ជាជាងផ្តោត ទៅលើ អាយុរបស់ប្រជាជន ការប្រមូលផ្ដុំធនធាន សម្ភារៈនិងធនធាន មនុស្សពីគ្រប់ស្ថាប័ន ដោយរួមទាំងស្ថាប័នកងកម្លាំង ប្រដាប់អាវុធ ដើម្បីពន្លឿនល្បឿន នៃការចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ព្រមទាំងការយល់ដឹង របស់ប្រជាជន និងការចូលរួមដ៏សកម្មរបស់ពួកគេ ក្នុងការទទួលយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩។ ក្នុងចំណោមកត្តាគន្លឹះ ទាំងនេះ កត្តាស្នូល ដ៏សំខាន់មួយដែលនាំទៅរកជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គឺការផ្គត់ផ្គង់វ៉ាក់សាំង ប្រកបដោយនិរន្តរភាព។
ដោយសារវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកថាជាទំនិញ យុទ្ធសាស្រ្តដ៏សំខាន់ នៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំង សកលលោក ប្រទេសនានា ជាពិសេសប្រទេសអភិវឌ្ឍន៍ ដែលមានធនធាន ហិរញ្ញវត្ថុច្រើន មហាសាល បានដណ្ដើមទិញយក វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ មករក្សាទុក ដោយប្រទេសខ្លះបានរក្សា ទុកវ៉ាក់សាំង រហូតលើសពីតម្រូវការ ប្រើប្រាស់របស់ខ្លួន និងក្រោយមកបាន យកវ៉ាក់សាំង ជាច្រើនទៅកម្ទេចចោល ដោយសារតែវ៉ាក់សាំង ទាំងនោះ ផុតសុពលភាពប្រើប្រាស់។ ការប្រកួតប្រជែង ដ៏ខ្លាំងក្លា ក្នុង ការដណើ្ដមទិញ យកវ៉ាក់សាំង បែបនេះ បានបង្កការលំបាក យ៉ាងខ្លាំង ដល់ប្រទេសកំពុងអភិវឌ្ឍក្នុង ការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកផ្ដល់ជូនប្រជាជន របស់ខ្លួន ។
នៅក្នុងបរិបទនៃការប្រកួតប្រជែង ដ៏ខ្លាំងក្លាបែបនេះ កម្ពុជាយល់ឃើញថា នៅក្នុងចំណោមប្រភពវ៉ាក់សាំងទាំងអស់ ប្រភពវ៉ាក់សាំងចិនអាច ធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់បានល្អបំផុត សម្រាប់កម្ពុជា ទើបកម្ពុជាសម្រេចចិត្ត ជ្រើសរើសយកប្រទេសចិន ធ្វើជាខ្នងបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ដែលនេះគឺជាជម្រើស បែបជាក់ស្ដែងនិយមនិងត្រឹមត្រូវ ។ ជាការពិត ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្ដល់ ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជាប្រទេស ដែលបានផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតមកកម្ពុជា ដោយប្រមាណ៩០% នៃ វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ សរុបជាង៤១លានដូស ដែលកម្ពុជា ទទួលបានរហូតមក ដល់ពេលនេះ គឺជាវ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ដែលប្រទេសចិន បានផ្ដល់ជាជំនួយ និងជួយសម្របសម្រួល ការបញ្ជាទិញ របស់កម្ពុជា។
មានការរិះគន់វាយប្រហារជាច្រើន ទៅលើជម្រើស របស់រដ្ឋាភិបាលកម្ពុជា និង ប្រសិទ្ធភាព របស់វ៉ាក់សាំង ដែលផលិតនៅក្នុង ប្រទេសចិន ប៉ុន្តែសម្រាប់កម្ពុជា វ៉ាក់សាំងល្អបំផុត គឺជាវ៉ាក់សាំង ដែលយើងអាច ទទួលបាន និងមាននៅក្នុងដៃ ។ ការបើកដំណើរការពេញលេញ នូវសកម្មភាពសេដ្ឋកិច្ចសង្គម នៅក្នុងស្រុកគ្រប់ប្រភេទ មិនត្រឹមតែឆ្លុះបញ្ចាំង នូវជម្រើសដ៏ត្រឹមត្រូវរបស់កម្ពុជា តែប៉ុណ្ណោះទេ តែវាថែមទាំងឆ្លុះបញ្ចាំង នូវប្រសិទ្ធភាពរបស់វ៉ាក់ សាំងចិន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិត ប្រជាជនកម្ពុជា និង ពង្រឹងភាពធន់មាំ និងជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងអំឡុងពេលនិងក្រោយពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ៕