នយោបាយ

លោក ហ៊ុន ម៉ាណែត៖ លោក សម រង្ស៊ី មិនហ៊ានចេញ មកភ្នាល់ជាមួយខ្ញុំ (Video)

ភ្នំពេញ៖ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែតថា លោក សម រង្ស៊ី មិនហ៊ានចេញមកភ្នាល់ជាមួយនេះ ដោយលោកអះអាងថា ការនិយាយរបស់លោក សម រង្ស៊ីពីសញ្ញាបត្រយោធា របស់លោករៀននៅអាមេរិកថា ជាសញ្ញាបត្រកិត្តិយសនោះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ។

សាររបស់លោក ហ៊ុន ម៉ាណែតដែលជា កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តី តបទៅលោក សម រង្ស៊ីនេះ ជាលើកទី២ហើយ បន្ទាប់ពីលោកបានបបួលលោក សម រង្ស៊ី ភ្នាល់ដាក់តំណែងកាលពីថ្ងៃ២៨ ធ្នូ ក្រោយលោក សម រង្ស៊ីបាននិយាយពីថ្ងៃ២៥ ធ្នូ ជាមួយវិទ្យុអាស៊ីថា សញ្ញាបត្រយោធារបស់លោក ហ៊ុន ម៉ាណែត រៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក ឬហៅកាត់ថា West Point ជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រកិត្តិយស ។

ដើមចមនាំឲ្យលោក សម រង្ស៊ីនិយាយក្នុងន័យប្រមាថមាក់ងាយ លើសញ្ញាបត្រយោធារបស់លោក ហ៊ុន ម៉ាណែតនេះ ក្នុងពេលគណបក្សប្រជាជនកម្ពុជា បានប្រកាសពីសមាសភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលអនាគត ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ កាលពីថ្ងៃ២៤ ធ្នូ ។

នេះមិនមែនជារឿងថ្មីទេ សម្រាប់លោក សម រង្ស៊ី វាយប្រហារលើសញ្ញាបត្រ យោធារបស់លោក ហ៊ុន ម៉ាណែត ព្រោះកាលពីឆ្នាំ២០១៩ លោក សម រង្ស៊ីក៏បានចេញមកវាយប្រហារដែរ។

លោក ហ៊ុន ម៉ាណែត តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ៣០ ធ្នូ បានលើកឡើងថា ការបបួលលោក សម រង្ស៊ីភ្នាល់ម្ដងទៀតនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែធ្វើការវាយប្រហារមួលបង្កាច់ លើសញ្ញាបត្រជាថ្មីទៀត ។ លោកថា អស់រយៈពេលពីរថ្ងៃ ហើយដែលលោក សម រង្ស៊ី មិនបានចេញសារឆ្លើយតប ដូចលើកមុនទេ។

លោកបញ្ជាក់ថា “ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថាលោក សម រង្ស៊ីមិនហ៊ានចេញមកភ្នាល់ជាមួយខ្ញុំ ដើម្បីការពារអំណះអំណាងរបស់គាត់ទេ ព្រោះគាត់ដឹងថា គាត់និយាយគ្មានមូលដ្ឋានច្បាស់លាស់” ។

សម្រាប់តំណែងបេក្ខភាព អនាគតនាយករដ្ឋមន្រ្តីនេះ លោក ហ៊ុន ម៉ាណែត ក៏បានឲ្យលោកសម រង្ស៊ី បង្ហាញភាពក្លាហានក្នុងការ បញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្លួន និងជាមួយយុវជនជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជា បើជ្រុលជាលោក សម រង្ស៊ីមិនហ៊ានចេញមកតតាំង ផ្ទាល់ជាមួយលោកដែល ជាក្មេងជំនាន់ក្រោយ ៕

To Top