ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរណ៍ នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរណ៍ស្ពានអាកាសថ្មីបន្ថែមមួយខ្សែទៀត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨នាទីព្រឹកតទៅ ។
ស្ពាននេះមានប្រវែង២០០ម៉ែត្រ ទទឹង៥,២០ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរណ៍ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរណ៍ ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១នេះ ការដ្ឋានសាងសង់សម្រេចបានលទ្ធផល ៨២ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២២ខាងមុខ ហើយមកទល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដី បានចំនួន៥ខ្សែ ចំណោម៨ខ្សែនៃគម្រោង៕