អត្ថបទ

អ្នកឧកញ៉ា លាង ឃុន ផ្ញើសារជូនពរអតិថិជន និងដៃគូសហការ​ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសារថ្លែងអំណរគុណ ដល់អតិថិជន អ្នកលក់បន្ត ដៃគូសហការ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងគាំទ្រ ផលិតផលរបស់ក្រុមហ៊ុន នាពេលកន្លងមក។

អ្នកឧកញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ការគាំទ្រនេះហើយធ្វើឲ្យក្រុមហ៊ុន មានការរីកចម្រើនទៅមុខជានិច្ចរហូត យើងឈានជើងក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុតមួយនៅអាស៊ី ប្រកបដោយមោទកភាពជាទីបំផុត»។

ទន្ទឹមនឹងនេះ ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ ក៏បានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដំបូងគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់ គ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អ លំដាប់ពិភពលោក (World Class Operation Management) ពីស្ថាប័នដ៏ល្បី នៅសហគមន៍អឺរ៉ុប EFESO Consulting។

អ្នកឧកញ៉ា លាង ឃុន បានបន្តថា៖ «ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ សូមជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ រកទទួលទានមានបាន និងធ្វើដំណើរទៅទីជិតឆ្ងាយ សូមប្រកដដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា ស្រាបៀរ កម្ពុជា ទឹកក្រូចអាយស៍ IZE ភេសជ្ជៈប៉ូវកម្លាំងវើក Wurkz និងទឹកបរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើង ដោយការប្រើប្រាស់ម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិទំនើបចុងក្រោយ នាំចូលពីអាល្លឺម៉ង វត្ថុធាតុដើមល្អបំផុត នាំចូលពីអឺរ៉ុប ព្រមទាំងបុគ្គលិកជំនាញ មានបទពិសោធខ្ពស់៕

To Top