ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និងរុស្ស៊ី ព្រមានគ្នាទៅវិញទៅមក តាមទូរស័ព្ទ អំឡុងពេលនៃភាពតានតឹងនៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក និងរុស្ស៊ី បានប្រើរយៈពេល 50 នាទី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ដែលជាការសន្ទនាលើកទីពីររបស់មេដឹកនាំទាំងពីរនៅក្នុងខែនេះ ខណៈដែលប្រទេសរុស្ស៊ីបន្តប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែន។

យោងតាមសារព័ត៌មាន THE GUARDIAN ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយនឹងកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងមកនេះ លោក ប្រធានាធិបតី Joe Biden និងសមភាគីរុស្ស៊ីលោកប្រធានាធិបតី Vladimir Putin បានហៅទូរស័ព្ទរយៈពេល 50 នាទីកាលពីម្សិលមិញដោយនៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរក៏មានព្រមានគ្នាទៅវិញទៅមកផងដែរ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតី Biden បានជំរុញឱ្យរុស្ស៊ី កាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន” ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។

ចំណែកលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់ Reuters ថា «ប្រធានាធិបតីរបស់យើងបានឆ្លើយតបភ្លាមៗថា ប្រសិនបើលោកខាងលិចសម្រេចចិត្តក្នុងកាលៈទេសៈនេះ ឬកាលៈទេសៈផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដែលត្រូវបានលើកឡើង នោះវាអាចនាំឱ្យមានការបែកបាក់ទាំងស្រុងនៃទំនាក់ទំនងរវាងប្រទេសរបស់យើង និងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរបំផុតដល់ទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិច»៕

ប្រែសម្រួលៈ ណៃ តុលា

To Top