ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ុយក្រែន ដែលកំពុងតានតឹង ជាមួយរុស្ស៊ី គឺបានពឹងផ្អែក ទៅលើថាមពលឧស្ម័ន និងប្រេងពីរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានសន្យាថា នឹងជួយប្រទេសអ៊ុយក្រែន កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័ន ពីប្រទេសរុស្ស៊ី ដោយជំរុញលទ្ធភាពទទួលបានបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។

ការផ្គត់ផ្គង់ថាមពល របស់អ៊ុយក្រែនឥឡូវនេះ ត្រូវបានគេរាយការណ៍ថារួមបញ្ចូល 15 ភាគរយពីប្រភពថាមពល កកើតឡើងវិញ ដោយរដ្ឋាភិបាលទីក្រុង Kiev បាននិយាយថា ខ្លួនចង់ឈានដល់ 25 ភាគរយនៅឆ្នាំ 2030 ចំពោះការប្រើប្រាស់ ថាមពលកកើតឡើងវិញនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់កាសែត Ukrayinska Pravda ថា “យើងអាចផលិតបានច្រើនបំផុត ពីបច្ចេកវិទ្យាច្នៃប្រឌិតបៃតង ឈានមុខគេរបស់ចក្រភពអង់គ្លេស ដូចជាថាមពលខ្យល់ និងអ៊ីដ្រូសែន ដូច្នេះ ប្រទេសអ៊ុយក្រែន នឹងអាចកាត់បន្ថយការពឹងផ្អែក លើឥន្ធនៈរបស់រុស្ស៊ី និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ”។ 

ការសន្យានេះធ្វើឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងលោកខាងលិច និងរុស្ស៊ី ជុំវិញការចោទប្រកាន់ថា មានការបង្កើនកងទ័ពរុស្ស៊ី នៅព្រំដែនអ៊ុយក្រែន និងការអះអាងថា ក្រុងម៉ូស្គូរៀបចំសម្រាប់ការលុកលុយ។ វិមានក្រឹមឡាំង បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះថា មិនមានភស្តុតាងច្បាស់លាស់៕ ប្រែសម្រួលៈ ណៃ តុលា

To Top