កីឡា

អាជ្ញាធរខេត្តកំពង់ចាម បើកការប្រកួតកីឡា មហាជន ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១

កំពង់ចាម ៖ ទោះជាឆ្នាំ២០២១ បានកន្លងផុតទៅពិតមែន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២១ ដើម្បីអបអរសាទរ ឆ្នាំថ្មីឆ្នាំសកល២០២២ និងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជំនះ ៧ មករា ១៩៧៩- ២០២២ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ខ្ញុំសូមអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាព និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុង ការកសាងនិងអភិវឌ្ឍលើគ្រប់វិស័យ តាំងតែពីវិស័យអប់រំ សង្គមកិច្ច សុខាភិបាល កសិកម្ម និងគ្រប់វិស័យ ពិសេសវិស័យកីឡានេះឯង ឱ្យកាន់តែមានភាពរីកចម្រើន លូតលាស់ព្រមៗគ្នាឡើង ” ។

អត្ថន័យ នៃការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្ខំចិត្តគំនិតមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀសវាង កុំឱ្យមានភាពខុសឆ្គង ដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ ដែលគណៈកម្មការបច្ចេកទេស បានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ៕

To Top