ភ្នំពេញ៖ ងាកចេញពីរឿងនយោបាយបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីបញ្ហាក្នុងសង្គមបច្ចុប្បន្នមួយចំនួន ជាពិសេសរឿងបរិហាកេរ្តិ៍គ្នានៅលើបណ្តាញសង្គម ដោយសម្តេចអំពាវនាវយ៉ាងទទូច ដល់គូស្វាមីភរិយា ដែលបានលែងលះគ្នា ជៀសវាងកុំជេរបញ្ចោរគ្នា នៅលើបណ្ដាញសង្គម នាំឲ្យអាសោចកេរ្តិ៍ ដល់កូនៗ ទៅថ្ងៃអនាគត ។
ការលើកឡើងបែបប្រៀនប្រដៅ ពីសំណាក់ប្រមុខដឹកនាំប្រទេសបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ អ្នករកស៊ី អនឡាញ ជាពិសេសប្តីប្រពន្ធមួយចំនួន បានបន្តហែកហួរគ្នា នៅលើបណ្ដាញ សង្គមហ្វេសប៊ុក ពីវិវាទនិងទំនាស់ ក្នុងគ្រួសារ ដែលឈានទៅដល់ការលែងលះគ្នា ដោយមិនគិតខ្វល់ពីអនាគតកូនៗ ដែលកំពុងរងសម្ពាធផ្លូវចិត្ត ក្នុងវ័យសិក្សា ។
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ បានលើកឡើងថា «ការរៀបការបច្ចុប្បន្ននេះ ធ្វើតាមក្បួនគ្រប់យ៉ាង តែការលែងលះគ្នាក៏កាន់តែច្រើន»។
ឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាល នៃការចោទសួរក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់សម្ដេចថា «មួយសំណួរដែខ្ញុំចងចាំផុតលេខ និងមិនអាចបំភ្លេចបាន «តើសមមិត្តមានលទ្ធភាពកសាង ភរិយា ទៅជាវណ្ណៈអធុន ជាវណ្ណៈកម្មជីព បានដែរឬទេ»។
ងាកមកបច្ចុប្បន្នភាពនេះវិញ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅជាមួយគ្នាមិនបាន ការលែងលះគ្នា ជារឿងធម្មតា តែការក្រឡេកឃើញ ដែលគួរឲ្យស្រណោះ ហើយគួរតែត្រូវបានបញ្ឈប់នោះ គឺនៅពេលយកគ្នាអត់បញ្ហា តែដល់ពេលលែងលះគ្នា ស្រាប់តែបង្ហោះជេគ្នា ពេញទឹកពេញដី ទាំងអស់ រហូតដល់រត់រកព័ត៌មានឲ្យជួយចុះផ្សាយ។
សម្ដេចតេជោថា “ឥឡូវនេះយើងឃើញច្រើនគូណាស់ នៅក្នុងទីក្រុងភ្នំពេញ! បន្ទាប់ពីការបែកបាក់ហើយ ជេរគ្នាបណ្ដោយ។ ខ្ញុំស្នើសុំដូច្នេះបានទេ យ៉ាងហោចណាស់យើងធ្លាប់ស្រលាញ់គ្នា ទោះក្នុងរយៈខ្លីឬវែងក៏ដោយ” ។
ក្នុងន័យនេះ សម្ដេចតេជោ បានចោទជាសំណួរថា «តើថ្ងៃក្រោយកិត្តិយសរបស់កូនយើង វាក្លាយទៅជាអ្វី?»។ «ខ្ញុំគួរតែចង្អុលបង្ហាញថា ទៅថ្ងៃក្រោយ ដោយពេលនេះគេមើលងាយយើង តែគេនឹងមើលងាយកូនយើង ទៅថ្ងៃក្រោយនោះថា ពុកម៉ែហែងហែកកេរ្តិ៍គ្នា មិនចេះតិចហា ប៉ះពាល់អារម្មណ៍កូនវាធ្ងន់ធ្ងរពេក” ។
សម្ដេចបញ្ចាក់ថា «បើមិនត្រូវគ្នាទេ ស្ងាត់ស្ងៀម ចែកផ្លូវគ្នាទៅ ហើយទុកគ្នារាប់អានទៅ ចំណែកឯកូន មាន ក្នុងច្បាប់តើ បើថាបានម្ដាយក៏ម្ដាយ យកទៅចិញ្ចឹមទៅ ហើយតួនាទីឪពុកត្រូវជួយយ៉ាងម៉េច ក៏ជួយទៅ តែកុំទៅហែកកេរ្ដិ៍គ្នា តាមហ្វេសប៊ុកទៅ តើបានទេ?។ អ្វីដែលសំខាន់នោះគឺ អាណិតដល់កូនៗ ថ្ងៃក្រោយវាគិតយ៉ាងម៉េច វាប៉ះពាល់ដល់អារម្មណ៍រៀនសូត្រ របស់កូនៗ។ តើយើងអាចទុកកិត្តិយសឲ្យគ្នាបានទេ?»។
សម្ដេចតេជោ បន្ថែមថា នៅក្នុងដំណើរការជីវិតគ្រួសារ វាតែងតែមានការប៉ះទង្គិចគ្នាខ្លះហើយ តែបើជ្រុលជាលែងលះគ្នាហើយ ឱ្យវាទៅតាមរបៀបមួយកុំបង្កើត ការជេបញ្ចោគ្នា ហែកកេរិ៍គ្នា។
ក្នុងឱកាសនេះ សម្ដេចក៏បានធ្វើការប្រៀបធៀបមួយផងដែរ រវាងអ្នកខ្លះអត់បានការទេ ព្រោះគ្នាក្រ ឬការបានត្រឹមបន្តិចបន្តួច ឬបានត្រឹមសែនព្រេង តែគេរស់នៅ ដោយសុភមង្គល តែអ្នកខ្លះមាននោះមាន ប៉ុន្តែបែកបាក់គ្នាជេរគ្នា បណ្ដោយ ហើយកូនចៅវាទុកមុខនៅឯណា? ៕