បរទេស:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១ ខែមករា
បាតុកររាប់រយនាក់ ដែលបានចូលរួមក្នុងការកាន់ទុក្ខ ចំពោះសមាជិក Hashd Shaabi ដែលត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បាននាំគ្នាវាយលុកចូល ទៅដល់ស្ថានទូតអាមេរិក នៅទីក្រុងបាកដាត កាលពីថ្ងៃម្សិលមិញ។
មន្ត្រីអនាមិកម្នាក់ មកពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ស៊ីនហួ ក្រុមបាតុករបានចូលទៅតំបន់ ដែលត្រូវបានគេហៅឈ្មោះថាGreen Zone ជាទីតាំងដែលមានភាពរឹងមាំ ហើយបានថែមទាំងរៀបចំតង់ ដើម្បីធ្វើការតវ៉ាអង្គុយ នៅមុខស្ថានទូតសហរដ្ឋអាមេរិកនោះតែម្តង។
ប្រភពដដែលបាននិយាយទៀតថា ក្រុមបាតុករបានសរសេរ នាំគ្នាសរសេរលើជញ្ជាំងស្ថានទូត នូវឃ្លាដែលមានន័យថា បិទក្នុងនាមប្រជាជន និងបានដុតបំផ្លាញប៉មយាមមួយ នៅលើរបងខាងក្រៅនៃស្ថានទូត ខណៈពួកគេកំពុងព្យាយាម ចូលទីធ្លាខាងក្រៅផងដែរ។
ជាការឆ្លើយតបរដ្ឋមន្រ្តី ក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បាននិយាយកាលពីថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយ កងទ័ពប្រមាណ៧៥០នាក់ជាបន្ទាន់ ទៅកាន់មជ្ឈឹមបូព៌ាដែលជាសកម្មភាពមួយ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមបាតុករ បានវាយលុកចូលស្ថានទូតអាមេរិក នៅទីក្រុងបាកដាត៕
ប្រែសម្រួល:ស៊ុនលី