នយោបាយ

មុត ចន្ថា ៖ សហគមន៍ការទូតមិនធ្វើអន្តរកម្ម ជាមួយលោក សម រង្ស៊ី តែនៅបន្តធ្វើជាមួយលោក កឹម សុខា

ភ្នំពេញ ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានចេញមកវាយប្រហារលោក សម រង្ស៊ីជាថ្មីទៀត រឿងសហគមន៍ការទូតមិនធ្វើអន្តរកម្មជាមួយលោក សម រង្ស៊ី ប៉ុន្តែតែនៅបន្តធ្វើជាមួយលោក កឹម សុខា។ ការមិនបន្តធ្វើជាមួយលោក សម រង្ស៊ី ដោយសារ លោក សម រង្ស៊ី បានរំលោភបំពាន ច្បាប់ម្តងហើយម្តងទៀត។ តែលោក កឹម សុខាវិញ ដោយសារផ្នែកលើស្ថានភាពនិងឋានៈច្បាប់របស់លោក កឹម សុខា តែម្តង ។

បើតាមលោក មុត ចន្ថា បង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ៦ មករា នេះគឺសហគមន៍ការទូតធ្វើអន្តរកម្មជាមួយសមភាគីរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសហប្រតិបត្តិការអន្តរជាតិទ្វេភាគី រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ សន្តិភាព នីតិរដ្ឋអន្តរជាតិ សណ្តាប់ធ្នាប់ពិភពលោក ជំងឺរាតត្បាតដែលជាកង្វល់រួមរបស់ពិភពលោក និងលទ្ធិប្រជាធិបតេយ្យ ហើយនិងការការពារសិទ្ធិមនុស្ស និងសេរីភាពគ្រឹះ។

លោកថា “ជាក់ស្តែង សហគមន៍ការទូតនៅតែបន្តធ្វើអន្តរកម្មជាមួយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ បន្ទាប់ពីទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំឃាំងក្នុងផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០១៩។ សហគមន៍ការទូតបានជ្រើសធ្វើអន្តរកម្មជាមួយ ឯកឧត្តម កឹម សុខា ដោយផ្នែកលើស្ថានភាពនិងឋានៈច្បាប់របស់លោក ហើយលោកបន្តគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួនដែលចំណុចនេះ ត្រូវបានបញ្ជាក់ដោយចៅក្រម ស៊ើបអង្កេតនៃសាលាដំបូងភ្នំពេញ ដែលបញ្ជាក់ថា ការបន្ធូរបន្ថយលក្ខខណ្ឌ នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការនៃឯកឧត្តម កឹម សុខា គឺដោយសារការគោរពច្បាប់ និងបទបញ្ជារបស់តុលាការពីសំណាក់ ឯកឧត្តម កឹម សុខា តាំងពីដើមទីរៀងរហូតមក” ។

ចំពោះ លោក សម រង្ស៊ីវិញ ត្រូវបានលោកដាក់ជាសំណួរថា ចុះហេតុអីបានជាសហគមន៍ការទូត មិនធ្វើអន្តរកម្មជាមួយអតីតដឹកនាំ ដែលរត់គេចមានសេរីភាពនៅក្រៅ គឺលោក សម រង្ស៉ី? លោកថា “ចម្លើយខ្លីបំផុត គឺដោយសារលោក សម រង្ស៉ី បានរំលោភបំពានច្បាប់ម្តងហើយម្តងទៀត ដោយមិនចាំបាច់ឲ្យសហគមន៍ការទូត ធ្វើការវែកញ៉ែក ពីមូលហេតុនៃការំលោភទាំងនេះទេ” ។

ពាក់ព័ន្ធការល្មើសច្បាប់របស់លោក សម រង្ស៊ីត្រូវបានលោក មុត ចន្ថាថា ដូចជា ៖ បង្កើតចលនាខុសច្បាប់ , ប្រកាសញុះញង់ឲ្យមានការផ្តួលរំលំរដ្ឋាភិបាល , ប្រកាសញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងប្រឆាំងរាជរដ្ឋាភិបាល , ប្រកាសកេណ្ឌកម្លាំងមហាជនចូលមកចាប់ខ្លួនមេដឹកនាំរាជរដ្ឋាភិបាល និងការប្រមាថអង្គព្រះមហាក្សត្រផ្ទួនៗ ជាដើម។

លោក មុត ចន្ថា ឲ្យដឹងទៀតថា ប្រសិនមេដឹកនាំនយោបាយបំណងសុចរិតប្រាថ្នាចង់បានការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិពិតប្រាកដ ត្រូវគោរពច្បាប់ និងស្ថាប័នជាតិ។ ដូច្នេះការធ្វើអន្តរកម្ម និងសហប្រតិបត្តិការអន្តរជាតិរបស់លោក កឹម សុខា ដើម្បីបម្រើ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ៕

To Top