ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញ ផ្សាយទូរទស្សន៍ជាតិកម្ពុជា។
ក្នុងឱកាសចុះពិនិត្យការរៀបចំ សម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ ជូនភាគីមីយ៉ាន់ម៉ានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការ រីករាលដាលជំងឺកីវីដ-១៩» ។
សូមបញ្ជាក់ថា ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចនៅមីយ៉ាន់ម៉ា សម្ដេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនអំពី កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗ នៅក្នុងអាស៊ាន ៕