ព័ត៌មានជាតិ

កូនខ្មែរដំបូងគេបង្អស់ នៅអាមេរិក រួចជីវិតពីរបបខ្មែរក្រហម ក្លាយជាចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts

ភ្នំពេញ៖ លោក ចៅ សុខារី ដែលធ្លាប់ជាជនភៀសខ្លួន រួចជីវិតពីពួកខ្មែរក្រហម មានដើមកំណើតខ្មែរហើយ បានទៅរស់នៅសហរដ្ឋអាមេរិក បានក្លាយជាចៅហ្វាយក្រុង Lowell ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ៥ មករា ។

ស្ថានទូតបានឲ្យដឹងថា “វាជារឿងគួរឲ្យរំភើបណាស់ពេលដឹងថា លោក ចៅ សុខារី ដែលធ្លាប់ជាជនភៀសខ្លួន រួចជីវិតពីពួកខ្មែរក្រហម បានក្លាយជាចៅហ្វាយក្រុងដំបូង ជាជនជាតិអាមេរិក មានដើមកំណើតខ្មែរ នៅក្នុងទីក្រុង Lowell ក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក។ នេះគឺជាអត្ថន័យនៃសុបិនអាមេរិក! សូមអបអរសាទរ ចំពោះលោកចៅហ្វាយក្រុង”។

បើតាមសំណេររបស់លោក ដែលបានភ្ជាប់នៅលើរូបថតខ្លួននោះ គឺខ្លួនបានក្លាយជាអភិបាល នៃក្រុងសំខាន់មួយរបស់ ទឹកដីមហាអំណាចអាមេរិក ។

លោកថា “ខ្ញុំធ្លាប់ជាជនភៀសខ្លួន ពេលនេះ ខ្ញុំជាអភិបាលនៃក្រុងសំខាន់មួយនៅរដ្ឋ Massachusetts ។ ខ្ញុំមិនដឹងថា តើវាអាចកើតមាន នៅកន្លែងណាផ្សេងទៀតទេ នៅលើពិភពលោកនេះ” ៕

To Top