Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងបណ្ដាប្រទេសនៅអឺរ៉ុប កំពុងកើនឡើង ខណៈអូមីក្រុង ក៏កំពុងរាលដាលខ្លាំង

ព្រុចសែល៖ បន្ទាប់ពីសម្រាកក្នុងរដូវវិស្សមកាល បណ្តាប្រទេសនៅអ៊ឺរ៉ុប កំពុងមើលឃើញការឆ្លងមេរោគកូវីដ-១៩ ដ៏ខ្លាំងក្លា ខណៈទម្រង់អូមីក្រុង បន្តវាយលុកពាសពេញ ទ្វីបនេះទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសបារាំង ក្រិក និងក្រូអាត បានបំបែកកំណត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មី ខណៈដែលប្រទេសជិតខាងទាំងពីរ គឺ ហូឡង់ និងបែលហ្ស៊ិក ក៏បានមើលឃើញថា អត្រាឆ្លងកើនឡើងយ៉ាងខ្លាំង ៣៥ ភាគរយ និង ៧៩ ភាគរយរៀងគ្នា។

នៅប្រទេសក្រិច បើទោះបីជាមានការរឹតបន្តឹងនៃ វិធានការកំឡុងរដូវវិស្សមកាលក៏ដោយ ករណីឆ្លងជំងឺបានកើនឡើងយ៉ាងខ្លាំង។ អង្គការសុខភាពសាធារណៈជាតិ (EODY) បានបញ្ជាក់ឲ្យដឹងថាមានការឆ្លងចំនួន ៥០,១២៦ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន។

នៅក្នុងនោះដែរ អ្នកជំនាញក្រិករំពឹងថា ចំនួននេះនឹងបន្តកើនឡើងក្នុងខែនេះ ដោយករណីប្រចាំថ្ងៃអាចឈានដល់ ៨ម៉ឺនករណីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងប្រទេសហុងគ្រី ទិន្នន័យផ្លូវការកាលពីថ្ងៃពុធ បានបង្ហាញពីការឆ្លងថ្មីចំនួន ៥២៨០ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលច្រើនជាងទ្វេដងនៃតួលេខ ដែលបានកត់ត្រាក្នុងប៉ុន្មានសប្តាហ៍មុន។

តាមសេចក្តីរាយការណ៍នៅក្នុងដំណាក់កាល “ការរីករាលដាលនៃសហគមន៍” ប្រទេសហ្វាំងឡង់ បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៨៧០០ករណីក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ បើប្រៀបធៀបទៅនឹងករណីថ្មីចំនួន ១៩៦០០ករណីក្នុងសប្តាហ៍មុន។

អ្នកជំនាញបានឲ្យដឹងថា ទោះបីជាយុទ្ធនាការចាក់ថ្នាំបង្ការ និងវិធានការប្រឆាំងនឹងជំងឺរាតត្បាត រួមទាំងការបិទ និងការបិទខ្ទប់ក៏ដោយ កម្រិតកំពូលនៃការឆ្លងថ្មីមិនទាន់ កើតមាននៅក្នុងប្រទេសអឺរ៉ុប មួយចំនួននៅឡើយទេ ៕

ដោយ ឈូក បូរ៉ា

To Top