ព័ត៌មានជាតិ

ជនមានពិការភាពទ័លក្រ ម្នាក់ នៅស្រុកព្រៃឈរ ទទួលបានផ្ទះមនុស្សធម៌១ខ្នង ពីប្រធានសាខា កាកបាទក្រហម ខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម រួមជាមួយ សមាជិក សមាជិកានៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនជនមានពិការភាពទ័លលំបាក ម្នាក់ ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានរំលឹកថា ក្មួយប្រុស សុខ សុភាព ជាជនមានពិការភាព( ស្វិតជើងទាំង២ ពីកំណើត) ទ័លក្រ មានប្រពន្ធ និងកូនស្រី ប្រុស ២នាក់ (អាយុ ៦ឆ្នាំ និង ៣ឆ្នាំ) ក្នុងបន្ទុក។

លោក ទូច ឆៃ បានបន្តថា ជិត៧ ឆ្នាំមកនេះ ជីវភាពគ្រួសារ ក្មួយប្រុស រស់នៅយ៉ាងលំបាកបំផុត ព្រោះគ្មានទុន គ្មានមុខរបរអ្វីច្បាស់លាស់ ហើយខ្លូនឯង ក៏ពិការ ថែមទាំងប្រពន្ធ ក៏មានជម្ងឺផ្លូវដង្ហើម មិនអាចជួយរកស៊ីបង្កើនចំណូលបានទៅទៀត សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្រោមផ្ទះរបស់អ្នកជិតខាងដែរ ។

ដោយឃើញពីស្ថានភាពលំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ ៤ម×៦ម ) ១ខ្នង តម្លៃ ៩,៨០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា រួមជាមួយ សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្ត និងសប្បុរសជន ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។

លោក ទូច ឆៃ បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនគ្រួសារ ក្មួយប្រុស សុខ សុភាព សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ១០០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ៨, ម៉ាស់ ៥០ បន្ទះ , សម្ភារផ្ទះបាយ និងថវិកា ២០០,០០០រៀល ។
ចំណែក អនុសាខាស្រុក និងសាលាអនុគណស្រុក បានឧបត្ថម្ភបន្ថែមថវិកា ៤០០,០០០ រៀល។

ដោយឡែក លោកតា លោកយាយ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់- ទទួលផ្ទះថ្មី នេះ ចំនួន ១៨ នាក់ទទួលបានអំណោយមនុស្សធម៌ ក្នុង ម្នាក់ៗ មាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕

To Top