ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទទួលមរណភាពនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងសូមសម្តែងនូវ សមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ឯកឧត្តម»។
ស្ថានទូត បានបន្ដថា អតីតឯកអគ្គរាជទូត អ៊ីម៉ាហ្គាវ៉ា បានចូលបំរើការងារ នៅក្រសួងការបរទេសជប៉ុន ក្នុងឆ្នាំ ១៩៥៦ ហើយត្រូវបានចាត់បញ្ជូន មករាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឋានៈជាសិក្ខាកាមភាសាខ្មែរ នៅឆ្នាំ១៩៥៧ ហើយបានធ្វើការនៅទីនេះអស់រយៈពេល ៨ ឆ្នាំ រហូតដល់ឆ្នាំ១៩៦៥។ នៅឆ្នាំ ១៩៩២ បន្ទាប់ការបើកស្ថានទូតជប៉ុនឡើងវិញ ឯកឧត្តម ក៏បានក្លាយជាឯកអគ្គរាជទូតជប៉ុន ទីមួយប្រចាំកម្ពុជា ។
ក្នុងឋានៈជាអ្នកការទូតមួយរូប ដែលមានការយល់ដឹង យ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា លោក អ៊ីម៉ាហ្គាវ៉ា បានធ្វើការពិភាក្សា យ៉ាងស្វិតស្វាញជាមួយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងភាគីពាក់ព័ន្ធដ៏ទៃទៀត ហើយក៏បានធ្វើជា សហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពី កម្ពុជានៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៨៩ផងដែរ ដើម្បីសម្រេចបាននូវ សន្តិភាពនៅកម្ពុជា។
លើសពីនេះទៀត ក្នុងឋានៈជាឯកអគ្គរាជទូតប្រចាំកម្ពុជា លោក បានជួយសំរបសំរួល ក្នុងការទទួលកងកម្លាំងរក្សា សន្តិភាពជប៉ុនស្ថិតក្រោម អាជ្ញាធរបណ្តោះអាសន្នរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលបន្ទាប់មកមានការបោះឆ្នោត សកលជាលើកដំបូង និងដំណើរការកសាង ប្រទេសកម្ពុជាឡើងវិញ។
ដើម្បីបន្តកេដំណែលនៃ ចំណូលចិត្តយ៉ាងខ្លាំងរបស់លោក អ៊ីម៉ាហ្គាវ៉ា ចំពោះប្រទេសកម្ពុជា យើងនឹងបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់យើង ដើម្បីការរីកចម្រើនថែមទៀត នៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា ៕