ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន​ ត្រួតពិនិត្យច្បាប់ការសាងសង់ សំណង់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យ លើច្បាប់សាងសង់សំណង់ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួន ចៀសវាងការសាងសង់ខុស បទដ្ឋានបច្ចេកទេស និងប៉ះពាល់លើដីរបស់រដ្ឋ ។

ការលើកឡើង របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំ សាមញ្ញលើកទី ៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងកងកំលាំងប្រដាប់ អាវុធទាំង៣ ផងដែរ។

បន្ទាប់ពីការលើកឡើង របស់សមាជិកក្រុមប្រឹក្សាខេត្ត ពាក់ព័ន្ធទៅនឹងការសាងសង់សំណង់ប៉ះពាល់លើដីចំណីផ្លូវរបស់រដ្ឋនាពេលកន្លងទៅថ្មីៗនេះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា នៅពេលមានប្រជាពលរដ្ឋ ចាប់ផ្ដើមសាងសង់សំណង់អ្វីមួយក្នុងមូលដ្ឋាន សូមឱ្យប្រធានភូមិ មេឃុំ ឬអភិបាលស្រុក ចុះសួរនាំរកច្បាប់អនុញ្ញាត និងពិនិត្យភ្លាមៗ ថាតើការសាងសង់នោះ ត្រឹមត្រូវទៅតាមច្បាប់អនុញ្ញាតដែរឬទេ ? ធ្វើដូច្នេះ ជៀសវាងការសាងសង់សំណង់ រួចហើយ ទើបមានវិធានការ ពោលគឺអង្ករ ក្លាយជាបាយ នោះពិបាកដោះស្រាយ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា បើការត្រួតពិនិត្យទៅឃើញថា សំណង់នោះ មានបញ្ហា អាជ្ញាធរមូលដ្ឋាន ត្រូវប្រាប់ឱ្យម្ចាស់សំណង់ផ្អាកដំណើរការសាងសង់ និងឲ្យគាត់រៀបចំបែបបទ ស្នើសុំច្បាប់បញ្ញត្តិឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងកំណត់ទីតាំងឲ្យពួកគាត់សាងសង់ ដែលត្រូវបានអនុញ្ញាតដោយច្បាប់ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធ ពង្រឹងការងារ ខិតខំបង្ហាញទិស ដល់មន្ត្រីតាមបណ្រាស្រុក ឲ្យពួកគាត់ទទួលខុសត្រូវការអនុវត្តចំពោះមុខងាររបស់ខ្លួនអោយមានប្រសិទ្ធភាព ៕

To Top