ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ខ្លួនគ្មានទិដ្ឋិនិយម ចំពោះកិច្ចពិភាក្សា ជាមួយអាមេរិក

បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនមើលមិនឃើញហេតុផល ដែលត្រូវមានសុទិដ្ឋិនិយម ក្រោយកិច្ចពិភាក្សាគ្នា ជាមួយសហរដ្ឋអាមេរិក ស្តីពីវិបត្តិអ៊ុយក្រែននិងការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ ពីសំណាក់លោកខាងលិច។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ប្រាប់ថា ប៉ុន្តែវាមានភាពវិជ្ជមាន ដែលកិច្ចពិភាក្សាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងភាពបើកចំហរ មានសារៈសំខាន់និងដោយត្រង់ៗ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនេះ បានបន្តទៀតថា ប្រទេសរុស្ស៊ីមិនធ្វើការកំណត់ កាលផុតកំណត់នោះទេ ប៉ុន្តែនឹងមិនពេញចិត្តលើការ អូសបន្លាយមិនចេះចប់ ចំពោះដំណើរការនេះ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានធ្វើការចល័ត និងប្រមូលផ្តុំកងកម្លាំងយោធាខ្លួន នៅជិតតំបន់ព្រំដែន របស់ប្រទេសអ៊ុយក្រែន និងបានធ្វើការទាមទារថា សម្ពន្ធមិត្តយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក គួរតែបដិសេធមិនឲ្យ អតីតសហភាពសូវៀត គឺអ៊ុយក្រែន ចូលជាសមាជិក ឬក៏មិនត្រូវពង្រីកវិសាលភាព ឆ្ពោះមកទិសខាងកើតនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top