ព័ត៌មានអន្តរជាតិ

ទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្តាប់យូអិន និងបញ្ចេញមូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន

បរទេស៖ ពួកតាលីបង់ នៅថ្ងៃសុក្រនេះ បានជំរុញទីក្រុងវ៉ាស៊ីនតោន ឲ្យស្តាប់សំណើររបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បញ្ចេញមូលនិធិ សម្រាប់អាហ្វហ្គានីស្ថាន ដែលបានបង្កកនៅសហរដ្ឋអាមេរិក ស្របពេលដែលវិបត្តិមនុស្សជាតិ កាន់តែធ្ងន់ធ្ងរឡើង។

អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថានមានទំហំទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្រោយពួកតាលីបង់ ដណ្ដើមអំណាចនៅក្នុងខែសីហា ឆ្នាំ២០២១ ក្រោយការដកចេញរបស់ កងកម្លាំងទ័ពរបស់បរទេស មានសហរដ្ឋអាមេរិកជាដើម។

នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ឲ្យដឹកនាំនិងទប់ស្កាត់សុបិនអាក្រក់ ដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយការដោះលែង បញ្ចេញមូលនិធិទាំងនោះ។

មន្ត្រីនាំពាក្យរបស់ រដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅលើបណ្ដាញ សង្គមធ្វីតធ័រយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក ត្រូវតែឆ្លើយតបដោយវិជ្ជមាន ចំពោះសំណើអន្តរជាតិ និងដោះលែងទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន”។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើការគ្រប់គ្រងលើប្រាក់ជិត ៩,៥ពាន់លានដុល្លារ ក្នុងទ្រព្យសម្បត្តិជាកម្មសិទ្ធិ របស់ធនាគារកណ្ដាលរបស់ អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top