ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា បញ្ហាទន្លេមេគង្គ ជាគន្លឹះ ក្នុងការវាយប្រហារប្រទេសចិន ពីសំណាក់មហាអំណាច ភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។
ការលើកឡើងពីសំណាក់ លោក សយ សុភាព បែបនេះបន្ទាប់ពីប្រព័ន្ធឃោសនា បរទេសចំនួនពីរ ( RFA VOA) បានបណ្ដាក់គ្នា វាយប្រហារលើបញ្ហាទន្លេមេគង្គនេះ។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានសរសេរយ៉ាងដូច្នេះថា «នេះជាយុទ្ធសាស្ត្រ របស់ក្រុមភ្នែក៥ ដឹកនាំដោយ សហរដ្ឋអាមេរិកប្រឆាំងចិន នៅក្នុងបញ្ហាទន្លេមេគង្គ»។
លោក សយ សុភាព បញ្ជាក់ថា «ពិតណាស់កម្ពុជា មិនមានរឿងជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តពួកភ្នែក៥ និងមិត្តរបស់គេខ្លះ នៅតាមដងទន្លេមេគង្គ វាយប្រហារកម្ពុជាយ៉ាងខ្លាំង ដែលប្រព័ន្ធឃោសនា របស់គេចែកគ្នា វាយប្រហារ បណ្ដាក់ដូចខ្យង»។
លោក សយ សុភាព តែងតែអធិប្បាយ បញ្ហានេះស្ទើររាល់ខែ រយៈពេលច្រើនឆ្នាំមកហើយ។
លោកថា ក្រៅពីនេះបញ្ហាទន្លេសាប និង ផ្លូវចុះរបស់ចិន ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានពួកគេកំពុងវាយប្រហារ ជាកង់ៗ ក្រោមលេស បរិស្ថាន និង មូលដ្ឋានយោធា របស់ចិនជាដើម។ នេះហើយភូមិសាស្ត្រនយោបាយ ដែលកម្ពុជារងឥទ្ធិពល ពីមហាអំណាច និងតំបន់។ក្រៅពីនោះ គេកំពុងធ្វើក្រោមរូបភាព ផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភា បានអំពាវនាវឱ្យ ខ្មែរត្រូវស្វែងយល់ ឱ្យស៊ីជម្រៅ ហើយវាយបក និងកម្ទេចចោល ដោយមិនអនុញ្ញាតិ ឱ្យនណារម្នាក់ បំផ្លាញ ២៩ ធ្នូ ១៩៩៨ បានជាដាច់ខាតទោះក្នុង តំលៃណាក៏ដោយ។
លោក សយ សុភាព សង្កត់ធ្ងន់ថា «២៩ ធ្នូ ១៩៩៨ ជាព្រលឹងសន្តិភាព របស់ខ្មែរតែមួយគត់»។