ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៧២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប របស់ប្រទេសកើនដល់ ៤.២៧២.៤២១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។
មន្ត្រីជាន់ខ្ពស់ Siti Nadia Tarmizi បានឲ្យដឹងថា ចំនួនសរុបនៃការឆ្លងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងប្រជុំកោះកាលពីថ្ងៃសៅរ៍ បានកើនឡើងដល់ ៧៤៨នាក់ ដែលក្នុងនោះ ៥៦៩នាក់ ត្រូវបានរាយការណ៍ថា ជាករណីនាំចូល ខណៈដែល ១៥១នាក់ ត្រូវបានបញ្ជាក់ថា ជាករណីនៃការឆ្លងក្នុងតំបន់ ។
គាត់បានលើកឡើងថា ប្រភពនៃការឆ្លងមេរោគ Omicron ផ្សេងទៀតនៅតែត្រូវបានគេ កំណត់អត្តសញ្ញាណ ។
លោកស្រីបានឲ្យដឹងទៀតថា ករណីនាំចូលភាគច្រើនគឺ មកពីប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មក គឺ តួកគី សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងអារ៉ាប់រួម ។
លោកស្រី Tarmizi បានបន្ថែមថា អ្នកជំងឺរាប់រយនាក់ ដែលមានការឆ្លងមេរោគ Omicron ត្រូវបានព្យាបាល នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Wisma Atlet Kemayoran សម្រាប់អ្នកជំងឺកូវីដ-១៩ ក្នុងទីក្រុងហ្សាការតា ហើយមួយចំនួនទៀត ត្រូវបាននៅដាច់ដោយឡែកពីគេ នៅក្នុងមន្ទីរពេទ្យដែលបញ្ជូន ទៅដោយក្រុមការងារជាតិកូវីដ-១៩ របស់ប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា