ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារាចរកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ដោយអនុវត្តចាប់ពីឆ្នាំ២០២២ តទៅ ។
តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល បានរៀបរាប់ថា អស់រយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេច ឡើងនៃវត្តមានរបស់នយោបាយ ឈ្នះ-ឈ្នះ ។
ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំដូចជា ៖ គ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ។
រាជរដ្ឋាភិបាល បញ្ជាក់ថា គ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដាពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយ ឈ្នះ-ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»៕