ថ្ងៃទី ១៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិន ត្រូវបន្តប្រកាន់ខ្ជាប់នូវឥរិយាបថ មិនអត់ឱនជាដាច់ខាត ដើម្បីផ្តន្ទាទោសអំពើពុករលួយ ប្រកាន់ខ្ជាប់នូវការកែតម្រូវ រាល់អំពើពុករលួយ និងឥរិយាបថអសកម្មទាំងអស់ ដែលបង្ខូចផលប្រយោជន៍ របស់ប្រជាជន ប្រកាន់ខ្ជាប់នូវការដឹកនាំ បែបថ្នាក់លើធ្វើជាគំរូរបស់ថ្នាក់ក្រោម ក៏ដូចជាប្រកាន់ខ្ជាប់ នូវការធ្វើឱ្យប្រសើរឡើង នូវរបបត្រួតពិនិត្យ របស់បក្សនិងរដ្ឋផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គ នៃគណៈកម្មការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាស្ថាប័នត្រួតពិនិត្យ វិន័យថ្នាក់កំពូល នៃបក្សកុម្មុយនិស្តចិនបានបើក ធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី ១៨ ខែមករា។ លោក Xi Jinping បានថ្លែងសុន្ទរកថា គន្លឹះដោយលើកឡើងថា តាំងពីសមាជបក្សលើកទី ១៨ មក បក្សកុម្មុយនិស្តចិន បានទទួលសមិទ្ធផល ជាប្រវត្តិសាស្ត្រ និងជាលក្ខណៈត្រួសត្រាយ ក្នុងការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ។
ចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ និងឈានទៅមុខឥតឈប់ឈរ ដើម្បីសម្រេចបាន នូវគោលដៅយុទ្ធសាស្រ្ត ដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ។ មន្ត្រីជាថ្នាក់ដឹកនាំ និងកម្មាភិបាល ត្រូវធ្វើការងារល្អៗនិងជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ជូនដល់ប្រជាជនឱ្យបានច្រើន៕