ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវិរុសកូវីដ-១៩ ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។
ការណែនាំរបស់ ក្រសួងសុខាភិបាល បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទាប់ឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ មករា បានបញ្ជាក់ថា «ក្នុងករណីទទួលបានលទ្ធផល តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព» ៕