កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ បានសម្ដែងនូវសេចក្តីរំភើបរីករាយ គណៈជួបសំណេះសំណាល ជាមួយ អាណាព្យាបាល និង សិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A កន្លងទៅថ្មីៗនេះ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា វាជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម ក្នុងបរិបទកូវីដ១៩ ដែលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ១១៨នាក់ ក្នុងនោះក្រុង កំពង់ចាម មានចំនួន ៣២ នាក់ ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត សូមវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនេះ ដែលបានមកពីការខិតខំ របស់ក្មួយៗ សិស្សានុសិស្ស នៅក្នុងបរិបទជំងឺកូវីដ១៩ បើទោះបីជាមិនបានរៀន នៅក្នុងសាលារៀនពេញលេញ យ៉ាងណាក៏ដោយ ប៉ុន្តែក្មួយៗ បានខិតខំព្យាយាមសិក្សា រហូតទទួលបានលទ្ធផលដូចថ្ងៃនេះ ។
លោកអភិបាលខេត្ត បានលើកយកកត្តា ៤ យ៉ាង ដែលជម្រុញធ្វើឲ្យការសិក្សារបស់ក្មួយៗ ទទួលបានជោគជ័យ ក្នុងនោះ ៖
ទី១ ៖ ផ្ដើមចេញពីការតាំងចិត្តខិតខំព្យាយាម សិក្សាដោយខ្លួនឯង និងការសែបគប់មិត្តល្អ ។
ទី២ ៖ ផ្ដើមចេញពីអាណាព្យាបាល ដែលបានរៀបចំ ពេលវេលា សម្ភារៈ និងថវិកា ពោលគឺពួកគាត់បានផ្ដល់ឱកាសគ្រប់គ្រាន់ ដើម្បីឱ្យក្មួយក្មួយបានរៀនសូត្រ។
ទី៣ ៖ គឺកត្តាសង្គមកម្ពុជាយើងបច្ចុប្បន្ន កំពុងតែឱ្យតម្លៃទៅលើអ្នកចេះដឹង ដែលចំណុចនេះធ្វើឲ្យក្មួយៗ កាន់តែខិតខំស្វែងរកចំណេះដឹងនោះ ។
ទី៤ ៖ គឺជាកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដោយមាន សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ប្រសិនបើប្រទេសរបស់យើងគ្មានសុខសន្តិភាពទេនោះ ក្មួយៗក៏មិនអាចមាន ឱកាសបានសិក្សារៀនសូត្រនោះដែរ ៕