ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបណ្ដុះបណ្ដាលមន្ដ្រីឲ្យទទួលជំនាញពិតប្រាកដ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំនាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឲ្យសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ ហើយបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទទួលជំនាញពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរដល់នាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលទើបតែងតាំងនៅពេលនេះ។

សម្ដេចមានជំនឿយ៉ាងមុតមាំថា នាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។

សម្ដេច មានប្រសាសន៍ថា «នាយក នាយករង និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ឲ្យខិតខំធ្វើយ៉ាងណា បំពេញ និងលើកកម្ពស់បេសកកម្មរបស់ខ្លួន ធ្វើឲ្យសាលាជាតិរដ្ឋបាលមូលដ្ឋានក្លាយជាសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជូនសង្គមជាតិ ក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់»៕

To Top