ព័ត៌មានអន្តរជាតិ

ប្រេសិតប្រចាំយូអិន៖ សហភាពអារ៉ាប់រួម កំពុងពិភាក្សាពីការ ធ្វើទំនើបប្រព័ន្ធការពារ ក្រោយមានការ វាយប្រហារពីពួកហូធី

បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអារ៉ប់រួមមួយរូប បាននិយាយប្រាប់ថា សហភាពអារ៉ាប់រួម អាចនឹងធ្វើទំនើបកម្ម សមត្ថភាពការពាររបស់ខ្លួន ក្រោយមានការវាយប្រហារមីស៊ីល ដោយក្រុមឧទ្ទាមហូធី មានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ ក្នុងខណៈបន្តធ្វើកិច្ចចរចាការទូត ជាមួយទីក្រុងតេអេរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។

ប្រេសិតសហភាពអារ៉ាប់រួម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Lana Nusseibeh បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មាន CNN ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ សហភាពអារ៉ាប់រួមបានបង្ហាញ នូវការវាយប្រហារចំនួន២ ដែលទីមួយគឺលើមជ្ឈមណ្ឌល ពាណិជ្ជកម្មនិងទេសចរណ៍ មានប្រភពចេញពីប្រទេសយេម៉ែន ហើយក៏ត្រូវការជាចាំបាច់ក្នុងការ ទប់ស្កាត់លំហូរអាវុធ និងមូលនិធិខុសច្បាប់ ទៅក្រុមឧទ្ទាមហូធី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កងកម្លាំងចម្រុះយោធាដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលរួមមានសហភាពអារ៉ាប់រួមនោះ ធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ពីបទធ្វើការផ្គត់ផ្គង់អាវុធឲ្យដល់ពួកហូធី ប៉ុន្តែអ៊ីរ៉ង់និងពួកហូធី បានធ្វើការបដិសេធចំពោះរឿងនេះ។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃចន្ទ ដែលមានគោលដៅលើមូលដ្ឋានទ័ព មួយក្នុងទីក្រុងអាប៊ូដាប៊ី មានកងកម្លាំងសហរដ្ឋអាមេរិកនៅនោះ គឺត្រូវបានរារាំងដោយ ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារ បណ្ដាលឲ្យមានមនុស្សស្លាប់ កាលពីមួយសប្ដាហ៍មុន ទៅលរាជធានីរបស់ សហភាពអារ៉ាប់រួម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top