ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន ចិន និងកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការ ខាងវិស័យធនាគារជាមួយអាស៊ាន

តូក្យូ៖ ធនាគារអភិវឌ្ឍន៍ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន ចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយស្ថាប័នហិរញ្ញវត្ថុសាធារណៈ និងឯកជននៅអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបតម្រូវការដែលកំពុង កើនឡើងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ ធនៅក្នុងតំបន់ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស។

ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េ បានបង្កើតយន្តការសហប្រតិបត្តិការ អន្តរធនាគារអាស៊ានបូក៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុយ៉ាងខ្លាំង នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នេះបើយោងតាម JBIC ។

អ្នកផ្តល់ប្រាក់កម្ចីជប៉ុនបានឲ្យដឹងថា គម្រោងនេះមានគោលបំណង “ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្អែកលើស្តង់ដារពិភពលោក ដូចជាការបើកចំហតម្លាភាព លទ្ធភាពសេដ្ឋកិច្ចនិរន្តរភាពបំណុល និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិសម្រាប់ការ អភិវឌ្ឍតំបន់” ។

របាយការណ៍នោះបានឲ្យដឹងថា “ការគាំទ្រផ្នែកហិរញ្ញវត្ថុបែបនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេស ដែលជាកន្លែងដែលគម្រោង មានទីតាំងនិងប្រភពដើមនៃគម្រោង ដែលអាចធ្វើប្រតិបត្តិការបានហើយដូច្នេះនឹងនាំ ទៅរកការអភិវឌ្ឍតំបន់ទាំងមូល” ៕

ដោយ ឈូក បូរ៉ា

To Top