ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឲ្យចាត់ចែងរៀបចំ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា «ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត»។

គណៈកម្មាធិការជាតិ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នក់មុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធ សាសនា ជាសាសនារបស់រដ្ឋ»។

សូមរំលឹកថា បុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។ ពិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ៕

To Top