ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ផ្តាំផ្ញើ នូវកិច្ចការ ជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជន គណបក្ស ប្រជាជនកម្ពុជា គ្រប់ថ្នាក់

ភ្នំពេញ: កិច្ចប្រជុំបូក សរុបការងារ យុវជនគណបក្ស ប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២២ បានប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូន មានរបៀបរៀបរយ ។

កិច្ចប្រជុំ ត្រូវបានរាយកការណ៍ថា ទទួលបានជោគជ័យ តាមរបៀបវារៈដែលបានកំណត់ ដែលកិច្ចប្រជុំនេះក៏ អញ្ជើញ ចូលរួមពីសំណាក់ លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សនៅតាមបណ្តា ប្រទេស និងទ្វីប សរុបចំនួន ១៨៧ រូប។

លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍ នយោបាយអន្តរជាតិ សភាពការណ៍ នយោបាយក្នុងតំបន់ និងសភាពការណ៍ នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពី ទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជា ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយ ឱ្យបាននូវបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សក្នុងការ បោះឆ្នោតនៅគ្រប់ដំណាក់កាល។ ទន្ទឹមនោះ លោកប្រធាន ក៏បានផ្តល់ អនុសាសន៍ផ្តាំផ្ញើ នូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំង យុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការ អនុវត្តបន្តឱ្យបានជាប់ ជាប្រចាំ រួមមាន ទី១.ពង្រឹង និងពង្រីកអង្គការចាត់តាំង យុវជនគណបក្ស នៅគ្រប់ថ្នាក់ឱ្យបានកាន់តែរឹងមាំទាំង ពេលបច្ចុប្បន្ន និងអនាគត ទី២.ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឱ្យសមាជិកគណបក្សដែលជាយុវជនមានភាព កក់ក្តៅក្នុងការចូលរួម និងបំពេញការងារ ទី៣.បណ្តុះបណ្តាល បំពាក់បំប៉នស្មារតីតាមរយៈការរៀបចំ បើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានា ដល់គ្រូបង្គោលនៅថ្នាក់រាជធានី ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន ទី៤.រៀបចំនិងពង្រឹងដំណើរឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឱ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ ដឹកនាំដោយគណបក្សប្រជាជន ទី៥.យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ទី៦.ដើម្បីធានាបានប្រៀបឈ្នះ យើងទាំងអស់គ្នាត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាព នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំបូក សរុបការងារយុវជន គណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានដំណើរការ ដោយរលូន មានសណ្តាប់ ធ្នាប់ល្អ តាមរបៀប វារៈសំខាន់ៗ រួមមាន៖ ការ បូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និង សតិអារម្មណ៍យុវជន ក្នុងការអនុវត្តទិសដៅ ការងារ ផែនការ សកម្មភាពការងារ និងសូចនាករក្នុងផែនការ សកម្មភាពការងារ ដែលបានដាក់ចេញ នាពេលកន្លងមក និងប្រមូលនូវធាតុ ចូលសំខាន់ៗ ពីកិច្ចប្រជុំ តាមរយៈការស្តាប់នូវបទអន្តរាគមន៍តំណាង ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារយុវជន គណបក្សរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពត ។ កិច្ចប្រជុំក៏បានស្តាប់ដោយយកចិត្តទុកដាក់ លើខ្លឹមសារ នៃសេចក្តីព្រាង បទបញ្ជាផ្ទៃក្នុង នៃយុវជនគណបក្ស ថ្នាក់កណ្តាល ព្រមទាំងបានឯកភាព អនុម័ត ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕

To Top