ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ​ ណែនាំ​មន្ត្រីក្រោមឱវាទ ធ្វេីជាគំរូល្អសម្រាប់ពលរដ្ឋ​ ក្នុងគោរពច្បាប់ចរាចរណ៍

ភ្នំពេញ​ ៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ បានណែនាំមន្ដ្រីក្រោមឱវាទត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងគោរពច្បាប់ចរាចរណ៍​ ឲ្យបានម៉ឺងម៉ាត់។

ក្នុងពិធីសំណេះសំណាលជាមួយ​ មន្ត្រីរាជការ​ ដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្ថិភាព​ នាថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២២​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅជំរុញអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោក​ បានជំរុញមន្ត្រីក្រោមឱវាទពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយបន្ថែមទៀត និងបានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនត្រូវរៀបចំកម្មវិធីជួយបណ្ដុះបណ្ដាល និងពន្យល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ មិនអាចពឹងផ្អែកតែទៅលើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប៉ុណ្ណោះទេ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា​ «សូមលើកទឹកចិត្តផងដែរឲ្យមន្ត្រីរាជការក្រសួងដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបាន ម៉ឺងម៉ាត់ ពីព្រោះយើងជាអ្នកជួយតាក់តែងច្បាប់ កុំឲ្យគេនិយាយថាយើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នក រំលោភច្បាប់ខ្លួនយើង និងបានក្រើនរំលឹកផងដែរអំពីគ្រុបតេឡេក្រាមស្តីពី សុវត្ថិភាពចរាចរណ៍យើង ដែលទើបត្រូវបានបង្កើតដើម្បីជួយថតរូប និងផ្សព្វផ្សាយអំពីបទល្មើសនៃច្បាប់ចរាចរណ៍»។

សូមរំលឹកថា​ តាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញថាផលប៉ះពាល់និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់៤៥០លានដុល្លារអាមេរិកហើយ ដែលបញ្ហានេះជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេសជាតិ៕

To Top