ព័ត៌មានអន្តរជាតិ

OPEC គ្រោងបង្កើនផលិតផល ប្រេងរហូតដល់ ៤០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ

កុងហ្គោ៖ រដ្ឋមន្ត្រីក្រសួង Hydrocarbons នៃសាធារណរដ្ឋកុងហ្គោលោក Bruno Jean Richard Itoua ដែលជាប្រធានសន្និសីទ ថ្នាក់រដ្ឋមន្ត្រីបច្ចុប្បន្ននៃ អង្គការប្រទេសនាំចេញប្រេង (OPEC) បានប្រកាសកាលពីថ្ងៃពុធថា OPEC នឹងបង្កើនការផលិតប្រេងដល់ ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។

យោងតាមការលើកឡើងរបស់លោក Itoua បានឲ្យដឹងថា ការសម្រេចចិត្តនេះមានគោលបំណង រក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Bruno Jean Richard Itoua បានឲ្យដឹងនៅចុងបញ្ចប់នៃ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើបណ្តាញ OPEC ថា “យើងបានសម្រេចចិត្តបង្កើន ផលិតកម្មប្រេងបន្តិចដល់ ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងកម្រិតដូចគ្នាកាលពី ៣ខែមុន” ។

លោក Itoua បានបន្ដថា តម្រូវការនឹងទាបជាងបន្តិច ក្នុងឆ្នាំ២០២១ ដោយកត់សម្គាល់ថាឥរិយាបថ ទីផ្សារនៅតែពឹងផ្អែកលើខ្សែកោង នៃទម្រង់ឆ្លងថ្មីអូមីក្រុង។

តម្លៃប្រេងដែលបានកើនឡើងច្រើនជាង ១០ភាគរយ ចាប់តាំងពីដើមខែមករា ថ្មីៗនេះបានឈានដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ។

អ្នកឯកទេសពន្យល់ពីការ កើនឡើងនៃតម្លៃទីផ្សារប្រេងនេះ ដោយភាពតានតឹងភូមិសាស្ត្រ នយោបាយបច្ចុប្បន្ននៅក្នុងពិភពលោក រួមទាំងការរំខានផលិតកម្ម នៅក្នុងប្រទេស ដែលផលិតប្រេងមួយចំនួនដូចជា អង់ហ្គោឡា នីហ្សេរីយ៉ា ឬលីប៊ី។

សាធារណរដ្ឋកុងហ្គោ ដែលជាប្រទេសផលិតប្រេងធំជាងគេទី៣ នៅអនុតំបន់សាហារ៉ាអាហ្រ្វិក បន្ទាប់ពីប្រទេសនីហ្សេរីយ៉ា និងអង់ហ្គោឡា ជាមួយនឹងការផលិតប្រេងឆៅប្រមាណ ៣៣៦,០០០បារ៉ែលក្នុងមួយថ្ងៃ ហើយបច្ចុប្បន្ននេះបានចូលកាន់តំណែង ជាប្រធានប្តូរវេនរបស់ OPEC សម្រាប់ឆ្នាំ២០២២ ៕

ដោយ ឈូក បូរ៉ា

To Top