ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានលេីកឡេីងពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបាន ក្នុងប្រវត្តិសាស្រ្ត ជាង៥០០របស់កម្ពុជា។
លោក ហ៊ុន ម៉ាំណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធពុទ្ធរូបព្រះអង្គធំ និងសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានថ្លែងថា “ពេលខ្លះយើងអាចមើលមិនឃើញ ឬចាប់អារម្មណ៍ និងឱ្យតម្លៃតិចបំផុតចំពោះអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតយើង ដូចជាសន្តិភាពជាដើម។ សន្តិភាព ជារបស់មនុស្សជាតិទាំងអស់គ្នា យើងអាចរស់បានដោយសារសន្តិភាព ហើយវាមានតម្លៃណាស់ នៅពេលដែលវាបាត់បង់។”
លោកបន្ថែមថា “ប៉ុន្តែយ៉ាងណាក៏ដោយ ឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមក ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ច្បាស់ និងឱ្យតម្លៃលើសេចក្តីសុខ និងសន្តិភាពរបស់ប្រទេសជាតិ គឺសន្តិភាពដែលសម្រេចបានដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ សន្តិភាពនេះ គឺជាសមិទ្ធិផលរួមប្រកបដោមោទនភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ របស់កម្ពុជា”។
លោក បន្តថា ការម្ពោធសមិទ្ធិផលពុទ្ធរូបព្រះអង្គធំ នៅក្នុងវត្តនិគ្រោធារាម ក្នុងថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាក្នុងឃុំពាមជីកង ស្រុកកងមាស ដែលទទួលបានសមិទ្ធិផលជាបន្តបន្ទាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយសមិទ្ធផលទាំងនេះ មិនត្រឹមតែបម្រើឱ្យសេចក្តីត្រូវការនៅពេលនេះទេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កូនចៅនៅថ្ងៃក្រោយផងដែរ។ ម្យ៉ាង ក៏ជាឱកាសដ៏រីករាយដើម្បីផ្តល់តម្លៃ, ផ្តល់កិត្តិយស និងផ្តល់ការលើកទឹកចិត្តដល់អ្នកចូលរួមកសាង ទាំងព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយ ដែលបានខិតខំរួបរួមកសាងសមិទ្ធផលនេះ។ យើងមានឱកាសកសាងបន្ថែមជាបន្តបន្ទាប់ ក៏ដោយសារយើងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កំពុងមាន មានជីវភាពរស់នៅល្អប្រសើរ ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានលទ្ធភាពចូលរួមចែករំលែកកសាងសមិទ្ធិផលនានាជាច្រើន។
លោកម៉ាណែត បន្ថែមថា បញ្ហាប្រឈម និងការខ្វះខាតក៏នឹងបន្តកើតមានជាដរាប ប៉ុន្តែអ្វីដែលសំខាន់ គឺការមានទឹកចិត្ត និងការយកចិត្តទុកដាក់ចូលរួមជួយចែករំលែក និងដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីបង្កលក្ខណៈឱ្យយើងមានឱកាស និងលទ្ធភាពបន្តកសាង និងអភិវឌ្ឍទៅមុខទៀត ដោយអ្វីៗគ្រប់យ៉ាង គឺធ្វើដើម្បីប្រជាពលរដ្ឋ។ នេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសុភមង្គលសប្បាយរីករាយ និងទទួលបានការបម្រើសេវាសាធារណៈល្អប្រសើរលើគ្រប់វិស័យ។
លោក ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា ដែលកន្លងមកតែងបានគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ និងរបស់រាជរដ្ឋាភិបាល។ មេដឹកនាំដែលត្រឹមត្រូវ និងមានទឹកចិត្ត គឺជាកត្តាកំណត់នាំឱ្យមានលំនឹងស្ថិរភាពសង្គម និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋខ្មែរទាំងអស់អាចរួបរួមសាមគ្គីគ្នាក្រោមស្មារតីតែមួយ ថែរក្សាសេចក្តីសុខ និងការរីកចម្រើនរបស់ប្រទេសជាតិយើង។
លោកគ្រូអ្នកគ្រូចង់ឱ្យកូនសិស្សមានអនាគតល្អ លោកតាលោកយាយឱពុកអ្នកម្តាយចង់ឃើញកូនចៅដើរលើផ្លូវត្រឹមត្រូវ ដូច្នេះ សូមក្មូយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ហើយថ្ងៃក្រោយមានឱកាស ត្រូវត្រឡប់មកជួយកសាងឃុំពាមជីកង កសាងស្រុកកងមាស កសាងខេត្តកំពង់ចាម ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន បន្តទៅមុខទៀត។
មិនប៉ុណ្ណោះ លោក ក៏សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សហគ្រាសឯកជន សប្បុរសជន ប្អូនៗយុវជន និងបងប្អូនជនរួមជាតិ ដែលបានរួបរួមសាមគ្គីជាធ្លុងមួយខិតខំជួយសង្គ្រោះ និងចូលរួមឧបត្ថម្ភដើម្បីជួយសម្រួលដល់ការលំបាក និងជីវភាពរបស់ក្រុមគ្រួសារជនរងគ្រោះ នៅក្នុងស្ថានភាពដ៏លំបាកនេះ ដែលស្តែងឱ្យឃើញអំពីស្មារតីរឹងមាំ និងសាមគ្គីភាពជាតិ ជាពិសេសការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ រួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ។