ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលពិភពលោក ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានទស្សនៈថា សន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ។
ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ, កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ ។ សម្ដេច ថា «នោះហើយជាមូលហេតុដែលយើងត្រូវ មានភាពក្លាហាននាពេលនេះ ហើយរិះរកវីធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន»។
សម្ដេចតេជោ បញ្ជាក់ថា «តាមទស្សនៈរបស់ខ្ញុំ សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្ដាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើងមានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ ក្រឡាគ្នាទៅវិញទៅមក ។ យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់ តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ ។ ទន្ទឹមនេះ, ខ្សែជីវិតសេដ្ឋកិច្ច-សង្គមរបស់យើងត្រូវបានចងភ្ជាប់ទៅនឹងការរួមរស់នៅជាមួយគ្នា តាមរយៈសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន និងបើកចំហ ដែលទទួលយកកូរ៉េទាំងពីរ»។
សម្ដេចតេជោ បន្ដថា បើនិយាយតាមបែបភូមិសាស្ត្រនយោបាយ ឧបទ្វីបកូរ៉េ គឺជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ី មិនត្រឹមតែទាក់ទងនឹងអរិយធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឱកាសសេដ្ឋកិច្ចផងដែរ ។ ជាជាង ចាត់ទុកឧបទ្វីបកូរ៉េគ្រាន់តែជា «តំបន់ទ្រនាប់ – Buffer Zone» នៅក្នុងនយោបាយមហាអំណាច តំបន់នេះ គួរតែត្រូវបានចាត់ទុកថា ជាស្ពាននៃជំនឿទុកចិត្ត និងជាទឹកដីនៃឱកាសសម្រាប់ទាំងអស់គ្នា ។ ប្រជាជនកូរ៉េ មានភាពច្នៃប្រឌិត, ប្រកបដោយថាមពល, ប្រឹងប្រែងធ្វើការ ហើយពួកគេអាចរួមចំណែកយ៉ាងធំធេងដល់ សេដ្ឋកិច្ចពិភពលោក ។ នៅពេលដែលសន្តិភាពត្រូវបានស្ដារឡើងវិញ, សក្តានុពលទាំងអស់ដែលមាននៅ ទីនោះ គឺអាចប្រើប្រាស់បានសម្រាប់តំបន់ និងពិភពលោក ។
សម្ដេចតេជោ បន្ថែមថា ដើម្បីអាចសម្រេចទៅបាន ការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមអន្តរជាតិ ក្នុងការធ្វើការរួមគ្នា ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់នៃសង្គ្រាមត្រជាក់ ។ ទាំងអស់គ្នាដឹងហើយថា ឧបទ្វីបកូរ៉េ ដែល បែកបាក់គ្នា គឺជាកេរ្តិ៍ដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល, មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ។
លើសពីនេះទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ត្រូវគិតពិចារណា ដូចជា ៖
ទី១-ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ ឆ្នាំ មកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ ដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើង ជាដំណាក់កាល ។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារៈសំខាន់បំផុត។
ទី២-សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាព នោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ ។ ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ។
និងទី៣-ការកសាងជំហាននជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចា សន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់, មិនមានភាព ចម្រូងចម្រាស, មិនសូវរសើប និងជាក់ស្តែង៕