ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថា នឹងទប់ទល់នឹងការគំរាមកំហែង នុយក្លេអ៊ែរ របស់អាមេរិក ខណៈពិនិត្យ ការសាកល្បងមីស៊ីល ផ្លោងអន្តរទ្វីប

CNA៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរខណៈដែលលោក បានត្រួតពិនិត្យការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីបថ្មី របស់ប្រទេសនេះ ។

គេបានដឹងថា ប្រទេសឯកោនេះ បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការព្រមានអំពី “ការឆ្លើយតប ដោយយោធាដ៏ខ្លាំងក្លា” ចំពោះក្រុងវ៉ាស៊ីនតោន ដែលបង្កើនវត្តមានសន្តិសុខ ក្នុងតំបន់របស់ខ្លួន រួមទាំងទ្រព្យសម្បត្តិ នុយក្លេអ៊ែរផងដែរ ។

ការចូលរួមទីតាំង ជាមួយកូនស្រីរបស់គាត់ ជាលើកដំបូង លោក គីម បានលើកឡើងថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការជំរុញឱ្យមានគោលនយោបាយអរិភាព បានជំរុញឱ្យប្រទេសរបស់គាត់ “បង្កើនល្បឿនយ៉ាងខ្លាំង ក្នុងការពង្រឹងការទប់ស្កាត់ នុយក្លេអ៊ែរដ៏លើសលប់របស់ខ្លួន” ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានផ្សព្វផ្សាយថា “លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងឱឡារិកថា ប្រសិនបើសត្រូវនៅតែបន្តការគំរាមកំហែង គណបក្ស និងរដ្ឋាភិបាលរបស់យើងនឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះនុយក្លេអ៊ែរ ជាមួយនឹងអាវុធនុយក្លេអ៊ែរ និងការប្រឈមមុខដាក់គ្នាទាំងស្រុង” ។

ទីភ្នាក់ងារ KCNA បានផ្សាយថា ការបាញ់បង្ហោះមីស៊ីល Hwasong-17 ICBM គឺជាផ្នែកមួយនៃ “យុទ្ធសាស្ត្រកសាងការពារអាទិភាពកំពូល” របស់កូរ៉េខាងជើង ក្នុងគោលបំណងកសាង “ការទប់ស្កាត់នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត និងដាច់ខាត” ដោយហៅមីស៊ីលនេះថា “អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតក្នុងពិភពលោក” ។

ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា មីស៊ីលនេះបានហោះបានចម្ងាយ ជិត១.០០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល៦៩នាទី និងឈានដល់កម្ពស់អតិបរមា ៦.០៤១ឡូម៉ែត្រ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានផ្សាយថា អាវុធនេះអាចធ្វើដំណើរបានចម្ងាយ ១៥.០០០គីឡូម៉ែត្រ ដែលគ្រប់គ្រាន់ដើម្បីទៅដល់ទ្វីបអាមេរិក ៕

To Top