ព័ត៌មានអន្តរជាតិ

យន្ដហោះដ្រូនកូរ៉េខាងជើង ១គ្រឿង ហោះចូលតំបន់គ្មានការហោះហើរ របស់ប្រធានាធិបតីកូរ៉េខាងត្បូង

សេអ៊ូល៖ មន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះដ្រូនរបស់កូរ៉េខាងជើងមួយគ្រឿង បានចូលដល់ចុងខាងជើង នៃតំបន់គ្មានការហោះហើរចម្ងាយ ៣,៧គីឡូម៉ែត្រ (២,២ម៉ាយ) ជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល នៅពេលដែលវាបានឈ្លានពាន ចូលទៅក្នុងដែនអាកាស របស់ប្រទេសកាលពីខែមុន។

មន្ត្រីយោធាម្នាក់បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះថា “យន្ដហោះដ្រូនខាងលើ បានហោះយ៉ាងខ្លីចូលទៅក្នុងគែមខាងជើងនៃតំបន់ ប៉ុន្តែវាមិនបានមកជិតកន្លែង សន្តិសុខសំខាន់ៗនោះទេ” ។

យន្តហោះដ្រូន ស្ថិតក្នុងចំណោមយានជំនិះ គ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿង ដែលបានឆ្លងកាត់ព្រំដែន និងចូលដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែធ្នូ ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូង វាយលុកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ។ យោធា​មិន​អាច​បាញ់ទម្លាក់​យន្តហោះ​ដ្រូន ដែល​បាន​ហោះហើរ​លើ​ទឹកដី​កូរ៉េខាងត្បូង​អស់​រយៈពេល​ជាច្រើន​ម៉ោង​។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបដិសេធថា យន្តហោះដ្រូនមួយគ្រឿង បានចូលក្នុងតំបន់គ្មានការហោះហើរ របស់ការិយាល័យប្រធានាធិបតី ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ដ្រូនបានរំលោភលើចុងខាងជើង នៃតំបន់សុវត្ថិភាព ប៉ុន្តែមិនបានហោះហើរដោយផ្ទាល់ពីលើតំបន់ Yongsan នោះទេ ដែលជាកន្លែងដែលការិយាល័យប្រធានាធិបតីលោក Yoon Suk-yeol ស្ថិតនៅ។

ការលុកលុយរបស់យន្តហោះដ្រូន បានបង្កឱ្យមានការរិះគន់ លើការការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង នៅពេលដែលប្រទេសកូរ៉េខាងជើង បង្កការគំរាមកំហែងកាន់តែខ្លាំងឡើង នៅពេលដែលប្រទេសនេះ អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោងរបស់ខ្លួន រួមទាំងការបាញ់សាកល្បងកាំជ្រួចជាច្រើន ដែលមិនធ្លាប់មានកាលពីឆ្នាំមុន។

គេហទំព័រព័ត៌មាន Yonhap បានឲ្យដឹងថា “ការលុកលុយរបស់យន្តហោះដ្រូន បានធ្វើឱ្យមានការត្រៀមខ្លួន មិនគ្រប់គ្រាន់របស់កូរ៉េខាងត្បូង ក្នុងការស្វែងរក តាមដាន និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកតូចៗបែបនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top