ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន ៧កន្លែង ក្នុងខេត្តក្រចេះ និងព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញ បន្ទាន់នៅតំបន់ទាំងនោះ ដែលប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានទាំងអស់មានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។

ស្ពានដែលបានសាងសង់នេះ រួមមាន៖ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពានព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ, ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ, ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ, និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ, ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមាន៖ ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និងស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។

សូមបញ្ជាក់ថា គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទ ស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះទៀត សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕

To Top