ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ជប៉ុនបញ្ជូនយន្តហោះពិសេសមកទទួល ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច ខណៈ ម៉ាណែត ជួបនាយករដ្ឋមន្ដ្រីជប៉ុន៣រូប

ភ្នំពេញ ៖ ខណៈលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងកំពុងបំពេញដំណើរទស្សនកិច្ចនៅជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងពីលក្ខណៈពិសេសលោក ហ៊ុន ម៉ាណែត ថាបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីជប៉ុន៣រូបមកហើយ រាប់ទាំងលើកនេះ។ សម្តេចថា ដោយសារតែបញ្ហាកូវីដពិបាកធ្វើដំណើរ ជប៉ុនក៏សម្រេចផ្តល់កិត្តិយសចំពោះ ហ៊ុន ម៉ាណែត ដោយបានបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចនៅជប៉ុន ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា ជប៉ុនបានបញ្ជូនយន្ដពិសេសមួយមកទទួល លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចនៅជប៉ុនកាលពីប៉ុន្មានថ្ងៃមុន ហើយសម្ដេច នៅថ្ងៃ១៧ កុម្ភៈ ស្អែកនេះ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អាចវិលត្រឡប់មកកម្ពុជាវិញ ។

សម្ដេចមានប្រសាសន៍ថា «អ្វីដែលខ្ញុំគិតថា វាជាចំណុចពិសេសមួយទៀត ទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្ដែពេលទៅដល់ត្រូវបានទទួលធ្វើសវនាការ និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីការបរទេសជប៉ុន»។

សម្ដេចបន្ដថា កាលពីថ្ងៃទី១៥ កុម្ភៈ លោក ហ៊ុន ម៉ាណែត ជួបមេបញ្ជាការជើងគោក អគ្គមេបញ្ជាការ រដ្ឋមន្ដ្រីការបរទេស និងថ្ងៃនេះ ជួបជាមួយនាយករដ្ឋមន្ដ្រីជប៉ុន ខណៈសម្តេចថា កន្លងមក ហ៊ុន ម៉ាណែតធ្លាប់ជួបអតីតនាយករដ្ឋមន្រ្តី២រូបផងដែរ។ សម្ដេច អរគុណមិត្តជប៉ុនដែលមានកាយវិការល្អជាមួយ មេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជាដែលជាកូនប្រុសរបស់សម្ដេច។

សម្ដេចបន្ថែមថា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ដ្រីជប៉ុន ចំនួន៣រូប រួចទៅហើយ។ សម្ដេចមានប្រសាសន៍ថា «យើងអាចចាត់ទុកលក្ខណៈពិសេសមួយ នៅក្នុងចំណោមលក្ខណៈពិសេសនៃផ្នែកការទូត ក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំសូមថ្លែងអំណរគុណ ដែលយកចិត្តទុកដាក់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ»៕

To Top