បរទេស៖ បេសកកម្មគាំទ្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបំផ្ទុះគ្រាប់បែកនៅសាលាយោធាមួយកន្លែង ក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែន កាលពីថ្ងៃសៅរ៍នោះ មានមនុស្សតិចបំផុត៣០នាក់ បានស្លាប់បាត់បង់ជីវិត និង៣០ទៀតរងរបួស ហើយហេតុការណ៍នេះ បានកើតឡើងក្នុងខណៈសិស្សទាហានកំពុងតែប្រមូលផ្តុំគ្នា នៅកន្លែងធ្វើព្យុហយាត្រា ក្នុងសាលាយោធា Hadaba ក្នុងស្រុកមួយស្ថិតនៅភាគខាងត្បូង នៃទីក្រុងទី្រប៉ូលី។
បេសកកម្មគាំទ្រអង្គការសហប្រជាជាតិ ក្នុងប្រទេសលីប៊ី បាននិយាយថា កងកម្លាំងនៃកងទ័ពជាតិលីប៊ី បានធ្វើការឡោមព័ទ្ធទីក្រុងទ្រីប៉ូលី ចាប់តាំងពីខែមេសាមក ក្រោមការដឹកនាំរបស់លោកមេបញ្ជាការ Khalifa Haftar ដែលមានសម្ពន្ធភាពជាមួយរដ្ឋបាលប្រឆាំងក្នុងទីក្រុង ប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ ប៉ាង កុង